You are currently viewing ថវិកាចំនួន ២០ម៉ឺនដុល្លារ ត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា

ថវិកាចំនួន ២០ម៉ឺនដុល្លារ ត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី០៣ ខែធ្នូនេះ បាននាំយកថវិកាចំនួន ២០ម៉ឺនដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ពិធីបរិច្ចាគថវិកាមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាលោក Xu Aimin និងលោក Su Zhongjian ថ្នាក់ដឹកនាំក្រុមហ៊ុន RSX Investment ដែលបានរួមចំណែកក្នុងកម្មវិធីនេះផងដែរ លោកឧកញ៉ា ឬទ្ធី សំណាង បានមានប្រសាសន៍ថា នេះគឺជាសកម្មភាពសប្បុរសធម៌ថ្មីមួយទៀត ដោយមានការចូលរួមពីក្រុមហ៊ុនវិនិយោគចិន RSX Investment ដើម្បីរួមចំណែកជួយដល់សង្គម និងកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ។ លើសពីនេះ លោកក៏បានប្ដេជ្ញាគៀងគរក្រុមហ៊ុនវិនិយោគបរទេស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងស្វែងរកថវិកាសប្បុរសធម៌ បន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌ ដែលកំពុងខ្វះខាតផ្សេងៗទៀតផង ។
ទន្ទឹមជាមួយគ្នា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលមិនត្រឹមតែផ្ដល់ឱកាស និងបណ្ដុះបណ្ដាលយុវជនជាច្រើន ក្នុងវិស័យបាល់ទាត់នោះទេ ថែមទាំងរួមចំណែកជួយដល់ការងារសង្គម ជាក់ស្ដែងការបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានចាត់ទុកជាសកម្មភាពគំរូមួយ សម្រាប់ក្រុមហ៊ុនវិនិយោគផ្សេងៗ អនុវត្តតាម លោកនាយឧត្តមសេនីយ៍ក៏បានគាំទ្រឲ្យបន្ដសកម្មភាពនេះជារៀងរហូតផងដែរ ។
គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ដែលឧកញ៉ា ឬទ្ធី សំណាង បាននាំថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ហើយលោកបានប្ដេជ្ញានឹងព្យាយាមស្វែងរកថវិការួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ទោះបីតិចក្ដី ឬច្រើនក្ដី ។ លើសពីនេះ លោកឧកញ៉ា បានអំពាវនាវសប្បុរសជន និងអ្នកមានធនធាន ចូលរួមចំណែក ដើម្បីជួយដល់កុមារ តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ព្រោះការព្យាបាលនៅទីនេះ មិនមានការយកថវិកានោះទេ ។ តែដោយសារការខ្វះខាតរបស់មន្ទីរពេទ្យ ទើបលោកបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន ៕