បាត់ដំបង ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងដាក់ចេញនូវទិសដៅការងារខែធ្នូ ឆ្នាំ២០១៨។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។