កោះកុង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីសុខទុក្ខមន្ត្រីក្រោមឱវាទ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៧,១៦៤,៥០០រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ឯក គល់ សាវាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង ដែលថវិកាទាំងអស់នេះបានមកពីការបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសប្បុរសជន ក្នុងនោះថវិកាចំនួន ៥,០០០,០០០រៀល ជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ។ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង បានឱ្យដឹងថា នេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត និងការស្រឡាញ់របស់ លោកនាយឧត្តមសេនីយ៍ ដែលតែងតែគិតគួរ យកចិត្តទុកដាក់ដល់មន្រ្តីអាវុធហត្ថក្រោមឱវាទទាំងអស់ ហើយថវិកាទាំងអស់នេះគឺបានជួយសម្រូលដល់បន្ទុកគ្រួសារ បានមួយរយៈដូចនេះត្រូវបន្ត ឱ្យកូនចៅ បានរៀនសូត្រចប់ចុងចប់ដើម ក្លាយជាកូនល្អ សិស្សល្អ និងបុគ្គលដែលមានតម្លៃសម្រាប់សង្គមជាតិ និងសូមថែរក្សាសុខភាពឱ្យបានល្អប្រសើរផងដែរ។
ក្នុងឱកាសនោះ គ្រួសារសព លោកអនុសេនីយ៍ឯក ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់ លោកនាយឧត្តមសេនីយ៍ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយ-នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ និងមន្ត្រីអាវុធហត្ថគ្រប់រូប ទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។