You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់បំប៉នស្មារតីក្នុងការទទួលខុសត្រូវអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់បំប៉នស្មារតីក្នុងការទទួលខុសត្រូវអនុវត្តតួនាទីភារកិច្ច

ភ្នំពេញៈ ដោយយោងតាមផែនការណែនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រមូលផ្តុំ កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអប់រំចិត្តសាស្ត្រ ពង្រឹងគោលជំហរសតិអារម្មណ៍ ក្តាប់ឲ្យបានជាប់ នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយជាតិ-អន្តរជាតិ និងសន្តិសុខសង្គម ពង្រឹងនូវសមត្ថភាពចំណេះដឹងជំនាញ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ឲ្យជ្រួតជ្រាបស៊ីជម្រៅ និងមានការ ភ្ញាក់រលឹកខ្ពស់ចំពោះតួនាទី ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិកាស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល ជាពិសេសផ្សព្វផ្សាយឲ្យកម្លាំងអាវុធហត្ថទាំងអស់បានជ្រួតជ្រាបពីកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងប្រវត្តិនៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដ៏កម្សត់មួយ ដែលរស់ក្នុងសភាពរងទុក្ខខ្លោចផ្សារ អស់ជាង ៥០០ឆ្នាំ ក្រោយសម័យអង្គរ ព្រោះតែការបែកបាក់សាមគ្គីជាតិ និងចម្បាំងរាំងជល់ ឥតឈប់ឈរ រវាងខ្មែរនិងខ្មែរ រវាងខ្មែរនិងបរទេសឈ្លានពាន ធ្វើឲ្យសង្គមជួបតែការកាប់សម្លាប់ គ្រោះទុរ្ភិក្ស ចោរកម្ម និងការព្រាត់ប្រាស់ ជាពិសេសអ្វីដែលធ្វើឲ្យយើងចងចាំមិនភ្លេច គឺការសម្លាប់រង្គាលប្រល័យពូជសាសន៍ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលធ្វើឲ្យប្រជាជាតិខ្មែរទាំងមូលរស់ដោយវេទនានិងស្លាប់អស់ជាងបីលាននាក់។

តែជាភ័ព្វសំណាងដោយបានគុណបុណ្យរបស់ វីរយុទ្ធជននៃកម្ពុជាដែលបានពលីជីវិតក្នុងការតស៊ូរំដោះជាតិ រួមជាមួយឥស្សរជនសំខាន់ៗ ជាពិសេស នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំយកសន្តិភាពនិងការបង្រួបបង្រួមជាតិ មកជូនកម្ពុជាដល់សព្វថ្ងៃ ដែលមិនធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំ មកហើយ។ ដូច្នេះក្នុងនាមយើងជាពលរដ្ឋនៃកម្ពុជា ត្រូវរួមគ្នាថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកនេះ ឲ្យបានគង់វង្សជានិរន្តរ៍ និងរួមគ្នាលើកស្ទួយកសាងអភិវឌ្ឍជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំឲ្យអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ឲ្យបានស្ទាត់ជំនាញ គោរពវិន័យ គោរពបទបញ្ជា អនុវត្តតួនាទីភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ និង បម្រើពលរដ្ឋឲ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឲ្យមហាជនស្រឡាញ់ទុកចិត្ត មានស្មារតីជាតិនិយមតែមិនជ្រុលនិយម និងចូលរួមកសាងអង្គភាពឲ្យបានរឹងមាំ ហើយក៏ត្រូវចេះធ្វើសេដ្ឋកិច្ចគ្រួសារគ្រប់គ្រងចំណូលចំណាយឲ្យបានច្បាស់លាស់ ចេះសន្សំសំចៃលៃលកយ៉ាងណា កុំឲ្យចំណាយ ធំជាងចំណូល និងតាមដានថែរក្សាសុខភាពខ្លួនឯងឲ្យបានគ្រប់ពេលវេលាផងដែរ។