បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី អំពើហឹង្សា និងធ្វើទារុណកម្មលើកុមារ (កូនបង្កើត) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ៖ ដោយមើលឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញវីដេអូ ០១ក្លិប របស់កុមារារងគ្រោះមានឈ្មោះ ធី នុល (ហៅ ប៉ូយ) អាយុ ០៤ឆ្នាំ ០៨ខែ ត្រូវឪពុកវាយធ្វើបាប បង្ខំឲ្យដើរសុំទាន តាមផ្សារ និងទីប្រជុំជននានាក្នុងក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីខាងលើ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ចុះអនុវត្តតាមនីតិវិធី ។ ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហ៊ុ រ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីយកមកសាកសួរ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកកុមាររងគ្រោះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនទៅជីដូនបង្កើតរបស់កុមាររងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ដោយមើលឃើញពីស្ថានភាពជីវភាពរបស់ជីដូនកុមាររងគ្រោះជួបការលំបាក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ និងសហការីបាននាំយកអំណោយ រួមមាន ៖ -អង្ករ ៥០គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខកំប៉ុង, អំបិល, ស្ករស, និងថវិកា ១០០,០០០រៀល ផងដែរ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថខេត្តធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រើហឹង្សាទៅលើកូនពិតប្រាកដមែន នៅពេលដែលខ្លួនសុំទានមិនបាន ព្រោះខ្លួនត្រូវការលុយយកទៅទិញគ្រឿងញៀនជក់ និងទិញស្រាផឹក ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងនោះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សា និងធ្វើទារុណកម្មលើកុមារ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។