You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូ កងរាជអាវុធហត្ថអញ្ជើញទៅទស្សនកិច្ចនៅប្រទេសវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូ កងរាជអាវុធហត្ថអញ្ជើញទៅទស្សនកិច្ចនៅប្រទេសវៀតណាម

ព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងហូជីមិញនៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ដើម្បីចូលរួមប្រជុំស្តីពីការងារសហប្រតិបត្តិការរវាងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនក្រសួងការពារប្រទេស សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមួយបញ្ជាកាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ហ័ង សួនចៀន មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងពិភាក្សារការងារជាមួយលោក នាយឧត្តមសេនីយ៍ សៅ សុខា ដោយបានលើកឡើងពីកិច្ចការពារបង្គោលព្រំដែន ដែលរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា វៀតណាមបានព្រមព្រៀងគ្នារួចហើយ និងបានលើកអំពីការពង្រឹងកិច្ចសហប្រតិការ រឹតចំណងសាមគ្គីភាព មិត្តភាពកម្ពុជាវៀតណាម រវាងកងយោធពលខេមរភូមិន្ទ ព្រមទាំងកងរាជអាវុធហត្ថកម្ពុជា និងជាមួយបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនវៀតណាម ឱ្យកាន់តែរឹងមាំស្ថិតស្ថេរគង់វង្សបន្ថែមទៀត។ហើយលោកឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់ភាគីមិត្តកម្ពុជា ជួយធ្វើការផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នាលើបញ្ហាសន្តិសុខរបស់ប្រទេសជាតិយើងទាំងពីរ។

ជាការឆ្លើយតបនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍លើកឡើងពីការទំនាក់ទំនងនូវសាមគ្គីភាពយ៉ាងជិតស្និត រវាងកងរាជអាវុធហត្ថ និងកងទ័ពប្រជាជនវៀតណាមដែលមានចំណងសាមគ្គីដ៏ល្អមិនអាចបំបែកបំបាក់បាន មិនតែប៉ុណ្ណោះប្រទេសយើងទាំងពីរ បានរាប់អានស្រឡាញ់គ្នាយ៉ាងជិតស្និទ្ធដូចបងនិងប្អូនផងដែរ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជម្រាបជូនភាគីវៀតណាមពីសភាពការណ៍នយោបាយនៅកម្ពុជា ស្ថិរភាពសន្ដិសុខត្រូវបានថែរក្សា ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរអ្នកវិយោគនៅតែប្រកបអាជីវកម្មនៅកម្ពុជា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ កន្លងទៅដែលកងរាជអាវុធហត្ថមានភារកិច្ចថែរក្សាបរិយាកាសល្អក្នុងការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ស្មើភាពនិងដោយសម្ងាត់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សគ្មានអំពើហិង្សា។ បន្ទាប់មកទៀតនាយឧត្តមសេនីយ៍ក៏បានសំណូមពរដល់ភាគីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងរាជអាវុធហត្ថដែលកំពុងសិក្សាជំនាញ និងអ្នកដែលជាប្រភពបន្តវេន សំដៅបង្កើនប្រសិទ្ធិភាពក្នុងការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសសំណូមពរដល់ភាគីមិត្តវៀតណាមចំពោះការងារសហប្រតិបត្តិការ សហការជាមួយគ្នាប្រឆាំងបទល្មើសភេវកម្ម និងបង្ក្រាបបទល្មើសឧក្រិដ្ឋជនឆ្លងដែន បទល្មើសឧក្រិដ្ឋជនមានអង្គការចាត់តាំង បទល្មើសដឹកជញ្ជូនគ្រឿងញញៀន និងដឹកជញ្ជូនឈើខុសច្បាប់ជាដើម។ ក្រោយពីបានស្តាប់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា រួចមកលោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន បានកោតសរសើរដល់កងរាជអាវុធហត្ថកម្ពុជា និងបានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់កងរជាអាវុធហត្ថ ជាកម្លាំងស្នូលដែលរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចឱ្យ ហើយបានសម្រេចនូវភារកិច្ចដ៏ត្រចះត្រចង់ក្នុងការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យមានស្ថេរភាពនយោបាយនៅកម្ពុជាបានល្អប្រសើរ។ ដោយឡែកការសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទជាពិសេសជាមួយកងរាជអាវុធហត្ថ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការគ្នាលើគ្រប់វិស័យ ដែលភាគីទាំងពីរតែងតែធ្វើជាមួយគ្នា។ ឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា៖ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននឹងបន្តជួយបំពេញបន្ថែមនូវចំណេះដឹងដល់កងរាជអាវុធហត្ថ រួមចំណែកក្នុងការថែរក្សាសន្តិសុខ ស្ថេរនយោបាយនៅកម្ពុជា។ ហើយលោកឧត្តមសេនីយ៍ក៏បានទទួលយកសំណូមពររបស់នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់ក្រសួងការពារប្រទេសវៀតណាមលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងរាជអាវុធហត្ថកម្ពុជា។

នៅក្នុងឱកាសនោះដែរលោក នាយឧត្តមសេន៍យ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ទោ ហ័ង សួនចៀន ក៏បានចុះហត្ថលេខាលើកំណត់ហេតុអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ចាប់ផ្ដើមអនុវត្តន៍ខ្លឹមសារពិធីសារចាប់ពីពេលនេះតទៅ៕