ខេត្តកំពង់ឆ្នាំង ៖ មនុស្សក្មេង ចាស់ ប្រុស ស្រីចំនួន១៥នាក់ បានរងនូវការពុលនំបញ្ចុក ហើយត្រូវដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២៩ មេសា ២០១៦ ស្ថិតនៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ។
នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះផាក់ សុជា អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានទិញនំបញ្ចុកចំនួន០៥គីឡូក្រាម ពីផ្សារកំពង់ប្រាសាទមកផ្ទះ ហើយបានចាត់ចែងស្លទឹកនំ និងល្បោយនំ ដោយខ្លួនឯង ។
បន្ទាប់ពីធ្វើរួចរាល់ នៅវេលាម៉ោង០៤រសៀល ក៏នាំគ្នាហូបទាំងគ្រួសារ និងមានចែកអ្នកជិតខាងខ្លះដែរ ។ ស្រាប់តែមកដល់ម៉ោងជាង៦លា្ងចថ្ងៃដដែល ម្នាក់ៗមានអាការៈក្អួតចង្អោរ ថប់ដង្ហើម និងរាករូសទៀតផង ទើបដឹងថា ពុលនំបញ្ចុក ហើយក៏នាំគ្នា ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
ប្រភពដដែលបន្តថា ការពុលនេះ គេមិនដឹងថា បណ្តាលមកពីអ្វីមិនច្បាស់នោះទេ គ្រាន់តែដឹងថា ពុលមកពីនំបញ្ចុកតែប៉ុណ្ណោះ ក្នុងនោះ មានក្មេងចាស់ សរុប១៥នាក់ ក្នុងនោះក្មេង៥នាក់ ។ ជនរងគ្រោះ បានមកសម្រាកនៅមន្ទីរពេទ្យ តែ១២នាក់ទេ គិតទាំងយុវជនម្នាក់ ចូលមកក្រោយគេ នៅម៉ោង១០យប់ថ្ងៃទី២៩ មេសា ប៉ុន្តែទាំងអស់គ្នា បានធូរស្រាលហើយ គ្មានគ្រោះថ្នាក់ដល់ជិវិតនោះទេ ហើយត្រូវគ្រូពេទ្យឱ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញនៅព្រឹកថ្ងៃ ទី៣០ មេសា នេះ ។