សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងសហការី បានប្រគល់ថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,៩៦៤,០០០ ជូនគ្រួសារសព លោកអនុសេនីយ៍ទោ វ៉ាន់ ហេង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបដែលបានទទួលមរណៈភាព ។
ដែលថវិកាទាំងអស់នេះបានមកពីការបរិច្ចាគដោយទឹកចិត្តសប្បុរសធម៌របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសប្បុរសជន ក្នុងនោះថវិកាចំនួន ៥,០០០,០០០រៀល ជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ។ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានឱ្យដឹងថា នេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត និងការស្រឡាញ់របស់ លោកនាយឧត្តមសេនីយ៍ ដែលតែងតែគិតគួរ យកចិត្តទុកដាក់ដល់មន្រ្តីអាវុធហត្ថក្រោមឱវាទទាំងអស់ ហើយថវិកាទាំងអស់នេះគឺបានជួយសម្រូលដល់បន្ទុកគ្រួសារ បានមួយរយៈដូចនេះត្រូវបន្ត ឱ្យកូនចៅ បានរៀនសូត្រចប់ចុងចប់ដើម ក្លាយជាកូនល្អ សិស្សល្អ និងបុគ្គលដែលមានតម្លៃសម្រាប់សង្គមជាតិ និងសូមថែរក្សាសុខភាពឱ្យបានល្អប្រសើរផងដែរ។
ក្នុងឱកាសនោះ គ្រួសារសព លោកអនុសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់ លោកនាយឧត្តមសេនីយ៍ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយ-នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ និងមន្ត្រីអាវុធហត្ថគ្រប់រូប ទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។