រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់ដែលបានបាញ់តដៃជាមួយកម្លាំងអាវុធហត្ថកក្រើករាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧មេសា រហូតបណ្ដាលឲ្យស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងស្លាប់មេខ្លោងមេម្នាក់នោះ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ត្រៀមនឹងបញ្ជូនទៅសាលាដំបូងរាជធានីនៅព្រឹកថ្ងៃ ទី៣០មេសានេះ ។
កងរាជអាវុធហត្តរាជធានីភ្នំពេញ បានប្រាប់GRK News ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលចាប់ខ្លួននឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះមាន
១-ឈ្មោះ លី កុកហ៊ុយ ភេទប្រុស អាយុ៦៤ឆ្នាំ ជាថៅជ្រូកខ្វៃ យីហោ លី កុកហ៊ុយ ដែលមានអាសយដ្ឋានផ្ទះលេខ៣៧ ផ្លូវ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក,
២-ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ឈ្មោះ លី កុកហ៊ុយ និងត្រូវជាបងថ្លៃរបស់ឈ្មោះ លឹម គឹមតេង ដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់,
៣-ឈ្មោះ លី វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក,
៤-ឈ្មោះ ក្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក
៥-ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករខ្វៃជ្រូក ។
ជាមួយនោះដែរវត្ថុតាងចាប់បានក៏នឹងត្រូវបញ្ជូនទៅសាលាដំបូងមានដូចជា ថ្នាំញៀនWY២០៦គ្រាប់ រថយន្ត២គ្រឿង អាវុធខ្លី៥ដើម និងអាវុធវែង អាកា១ដើម ព្រមទាំងសម្ភារៈមួយចំនួនទៀត ចំណែកសាកសពជនសង្ស័យជាមេខ្លោងឈ្មោះ លឹម គឹមតេង ត្រូវបានដុតកម្ទេចចោលហើយដែរ ។