បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០០ និង ១៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបករណីហិង្សាដោយចេតនា និងផលិតអាវុធសម្រាប់ប្រហារផ្សេងៗ ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅចំណុចដីស ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នេះយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០៣នាក់ មាន៖ ១. ឈ្មោះ អ៊ឹម តម៉ន(ហៅ អាឡា) ភេទប្រុស អាយុ ១៧ឆ្នាំ, ២. ឈ្មោះ ហុង ស្រីទូច ភេទស្រី អាយុ ១៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងឈ្មោះ សារឿន រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងចំពោះជនបង្កដែលបានយកដុំថ្មគប់មកលើពួកគាត់ និងចាំស្ទាក់វ៉ៃតាមផ្លូវ ។
ក្រោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមមាន៖ ១. ឈ្មោះ ភាវ សុផាន់ថង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចមណ្ឌលបី ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២. ឈ្មោះ លី ប្រាថ្នា(ហៅ តួ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចមណ្ឌលប្រាំបួន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៣. ឈ្មោះ ចាន់ ប្រុស(ហៅ អាបឿក) ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចមណ្ឌលប្រាំ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត , ៤. ឈ្មោះ ឆាយ ហេង(ហៅ ខ្យង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៥. ឈ្មោះ ឈិន សុភ័ណ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រើហិង្សាដោយគប់ដុំថ្មទៅលើជនរងគ្រោះ និងស្ទាក់តាមផ្លូវចាំវ៉ៃក្រុមជនរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។