កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ១៨នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ជនសង្ស័យឈ្មោះ ឈន ភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ការឃាត់ខ្លួននេះ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ជា ផល្លី ភេទប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយប្តឹងជនសង្ស័យ បានដកពូថៅកាប់មកលើខ្លួនចំនួន ០២ពូថៅ បណ្តាលឲ្យបែកមួកសុវត្ថិភាព និងធ្លុះមួកត្រូវចំក្បាលលើត្រចៀកខាងឆ្វេងប្រវែង ០៨សង់ទីម៉ែត្រ។
បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកដល់មុខផ្ទះរបស់ខ្លួន ហើយបានគប់សំបកពោតចូលក្នុងបរិវេណផ្ទះរបស់ខ្លួន ពេលនោះខ្លួនមានកំហឹងជាខ្លាំង ក៏បានរត់ទៅយកពូថៅដែលទុកនៅផ្ទះបាយ ហើយជិះម៉ូតូតាមជនរងគ្រោះ ពេលជិះទៅដល់ខ្លួន បានហៅជនរងគ្រោះឲ្យឈប់ និងបានកាប់ជនរងគ្រោះចំនួន ០២ពូថៅ ត្រូវចំមួកសុវត្ថិភាព ហើយខ្លួនបានជិះម៉ូតូត្រឡប់មកផ្ទះវិញបម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សូមបញ្ជាក់ថា៖ ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទរំលោភលើសេចក្តីទុកចិត្ត ហើយទើបតែចេញពីពន្ធនាគារបានប្រហែល ០១ខែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។