ព្រៃវែង៖ ថ្ងៃទី២៤ ធ្នូ ២០១៨ កម្លាំងការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រៃវែង បានកសាងសំណុំរឿងបញ្ចូនជនត្រូវចោត ៤នាក់ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬចែកចាយគ្រឿងញៀនខុសច្បាប់ ទៅដល់ពន្ធនាគារខេត្តព្រៃវែង។
សូមបញ្ជាក់ថាៈ ជនសង្ស័យទាំងបួននាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះស្តេច ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៨ ម៉ោង១៣ និង ៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់នៅកន្លែងផ្សេងៗ គ្នាជាបន្តបន្ទាប់ ជនសង្ស័យរួមមាន ១.ឈ្មោះ ផាត ផាន់នេត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឃាត់ខ្លួន នៅចណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ២.ឈ្មោះ ពត ភារ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលលាន ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឃាត់ខ្លួន នៅចំណុចភូមិពោធិ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ៣.ឈ្មោះ ប៊ន សហាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ឃាត់ខ្លួន នៅចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ៤.ឈ្មោះ ជុំ វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ឃាត់ខ្លួន នៅចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
កម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន០៩កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ គ្រឿង,ម៉ូតូចំនួន ០៣គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន០៣ រួមទាំងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត។