You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីខួបទិវាជ័យជម្នះ ៧មករា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីខួបទិវាជ័យជម្នះ ៧មករា

នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ដើម្បី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងក្នុងកិច្ចប្រជុំថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា រីកចម្រើនទៅមុខជាលំដាប់ ដោយឈរលើមូលដ្ឋាន សន្តិភាពនិងការឯកភាពជាតិតែមួយ ដែលសន្តិភាពនិងការឯកភាពជាតិនេះ គឺរកបានមកដោយលំបាក ដោយការតស៊ូលះបង់កម្លាំងកាយ កម្លាំងចិត្ត និងការស្ម័គ្រប្តូរជីវិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមជាមួយឥស្សរជននិងវីរយុទ្ធជនខ្មែរជាច្រើនទៀត ក្នុងការរំដោះជាតិ ចេញពីភពខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ។ ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ដែលកម្ពុជា បានរួចផុតពីក្រញ៉ាំដៃ បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យកម្ពុជា មានឱកាសកសាងនិងអភិវឌ្ឍន៍ជាតិ ឲ្យរីកចម្រើនមកទល់សព្វថ្ងៃ។ ទោះបីដូច្នេះកដោយក្នុងពេលដែលកម្ពុជាកំពុងប្រឹងដើរដោយខ្លួនឯង ក្នុងការការពារឯករាជ្យ អធិបតេយ្យ ស្តារលទ្ធិប្រជាធិបតេយ្យ ពេញលេញពិតប្រាកដជូនជាតិ ការពារនៅសុខសន្តិភាពនិងការឯកភាពជាតិ ក៏មានបរទេសមួយចំនួនបានកំពុងប៉ុងប៉ងរកគ្រប់វិធី ដើម្បីដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាកម្ពុជាទាំងកម្រោល និងបានកំពុងតាមបំផ្លាញកម្ពុជា តាមរយៈបរិវារពួកវាមួយចំនួនដែលលក់ឧត្តមគតិស្នេហាជាតិទៅបម្រើបរទេស ដោយបោកបញ្ឆោតនិងញុះញង់ប្រជាពលរដ្ឋស្លូតត្រង់ ឲ្យយល់ខុស ចេញមកតវ៉ាប្រឆាំងបំពានច្បាប់ ដើម្បីបង្កអសន្តិសុខ បង្កអស្ថេរភាពសង្គម បង្ករឲ្យមានជម្លោះផ្ទៃក្នុង និងឈានទៅរកការធ្វើបដិវត្តពណ៌។

ដូច្នេះក្នុងនាមអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលជាកងកម្លាំងមួយនៃជាតិខ្មែរ ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ត្រូវយកចិត្តទុកដាក់ ចូលរួមការពារឲ្យបាននូវ សន្តិភាព ការឯកភាពជាតិ និងសមិទ្ធិផលទាំងឡាយដែលកម្ពុជា កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្ស និងរីកចម្រើនទៅមុខ ប្តេជ្ញាចូលរួមថែរក្សាការពារនិងពង្រឹងសន្តិសុខជាតិ មិនឲ្យឧបាយកល របស់ជនបរទេសនិងបរិវារពួកវាដែលប្រឆាំងផលប្រយោជន៍ជាតិខ្មែរ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ មកបំផ្លាញសន្តិភាពនិងការឯកភាពជាតិខ្មែរបានជាដាច់ខាត ជាពិសេសគឺចូលរួមការពារឲ្យបាននូវ សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពប្រជាពលរដ្ឋស្លូតត្រង់គ្រប់ពេលវេលាផងដែរ