បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យការសាងសង់ទីលានបាល់ទាត់របស់សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៅចំណុចខាងក្រោយបរិវេណវិទ្យាល័យខ្លាកូនថ្មី ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្តួចផ្តើមសាងសង់ និងរៀបចំដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់ចែងជួសជុលអគារ ០១ខ្នង ០៥បន្ទប់ សម្រាប់កីឡាករស្នាក់នៅ (ជួសជុលដំបូល លាបថ្នាំ និងក្រាលឥដ្ឋការ៉ូ) និងសិក្សាគម្រោងសាងសង់បន្ទប់ទឹកថ្មី សម្រាប់កីឡាករប្រើប្រាស់ផងដែរ។
ចំពោះការសាងសង់ទីលានបាល់ទាត់នោះ គឺជាគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តម្រូវឲ្យមានគ្រប់ទូទាំង ២៥រាជធានី-ខេត្ត ដែលជាសាលាតម្រង់ទិស សម្រាប់កីឡាករបាល់ទាត់ U-១៥ និង U-១៧ ធ្វើការហ្វឹកហាត់ ដើម្បីឈានទៅចូលរួមប្រកួតក្នុងកម្មវិធីស៊ីហ្គេមនាឆ្នាំ ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះនាពេលខាងមុខ។