You are currently viewing កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ព័ត៌មានលម្អិតដល់ GRK News ស្តីពី សាវតាមេក្លោងជួញដូរគ្រឿងញៀន

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ព័ត៌មានលម្អិតដល់ GRK News ស្តីពី សាវតាមេក្លោងជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖ ក្រោយពេលរៀបចំពិធីបុណ្យសពលោកវរសេនីយ៍ត្រី ទៀន ករុណា ចប់សព្វគ្រប់ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ព័ត៌មានលម្អិតដល់ GRK News ស្តីពី សាវតាមេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកដូចខាងក្រោម៖

* ជនល្មើសដែលស្លាប់ មានឈ្មោះថា លឹម តេង ឈ្មោះដើម លឹម គឹមតេង គឺជាមេក្លោងធំ ក្នុងការជួញដូរគ្រឿងញៀន និងធ្លាប់ជាប់គុករយៈពេល០១ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែក០៥នាក់ទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនរួមមាន
១៖ឈ្មោះ លឹម កុកហ៊ុយ ហៅប៉ាហ្គិច ជាពូថ្លៃរបស់មេក្លោងធំដែលងាប់,
២៖ឈ្មោះ ទី អៀង ជាបងថ្លៃរបស់មេងក្លោងធំដែលងាប់,
៣-ឈ្មោះ ស៊ុន ដារ៉ូ ហៅឈិត ជាបក្ខពួក,
៤៖ ឈ្មោះ ត្រាវ រិទ្ធារ៉ា ជាបក្ខពួក,
៥៖ ឈ្មោះ លី វីរៈ ជាបក្ខពួក។
ក្រុមទាំងអស់នេះ មានមុខរបរជួញដូរគ្រឿងញៀន ក្រោមរូបភាពធ្វើទាខ្វៃ ដែលមានយីហោរ លី កុកហ៊ុយ ដើម្បីបិទបាំងរបរជួញដូរគ្រឿងញៀនរបស់ខ្លួន។ តាមការស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថសន្និដ្ឋានថាក្រុមនេះអាចមានការចរាចរណ៍គ្រឿងញៀន ពីកន្លែងមួយ ទៅកន្លែមួយ តាមរយៈការលាក់គ្រឿងញៀនក្នុងទាខ្វៃផងដែរ។
អំពីសាវតារបស់មេក្លោងធំជួញដូរគ្រឿងញៀន លឹម គឹមតេង៖
* មុនឆ្នាំ២០០៧ ឈ្មោះ លឹម គឹមតេង គឺជាកូនជឹង និងជាមនុស្សជំនិត របស់មេក្លោងផលិត និងជួញដូរគ្រឿងញៀនដ៏ធំ ឈ្មោះ ឡាំ ប៊ុនខេង (បច្ចុប្បន្ន ឡាំ ប៊ុនខេង បាននិងកំពុងជាប់ក្នុងពន្ធនាគារ PJ ) ដោយជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀន ហើយត្រូវបានការិយាល័យ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអ្នកបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៧ និងចាប់យកបានវត្ថុតាង ជាច្រើនរួមមាន ម៉ាស៊ីនផលិតគ្រឿងញៀន ព្រមទាំងថ្នាំញៀន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន និងវត្ថុតាងផ្សេងៗជាច្រើនទៀត ។ បន្ទាប់ពី ឡាំ ប៊ុនខេង ជាប់គុកទៅ គឺឧក្រិដ្ឋជន លឹម គឹមតេង ចាប់ផ្តើមដើរតួនាទីជំនួស ឡាំ ប៊ុនខេង ម្តង ដោយធ្វើការជួញដូរថ្នាំញៀនយ៉ាងពេញបន្ទុក រហូតដល់ថ្ងៃដែលសមត្ថកិច្ចនគរបាល ខណ្ឌចំការមនចាប់ខ្លួន បញ្ជូនទៅគុកព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ និងដោះលែងវិញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំ។
*ក្នុងអំឡុងពេលជាប់គុក ឧក្រិដ្ឋជន លឹម គឹមតេង វាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយ និងអាលាង ជនជាតិវៀតណាម ជាទណ្ឌិត ដែលអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវឃើញថា ជាក្រុមមេក្លោងជាមួយជនជាតិនីហ្សេរីយ៉ា ក្នុងការចាត់ចែងបញ្ជាលក់ទិញថ្នាំញៀន ពីក្នុងពន្ធនាគារមកខាងក្រៅ។
ឧក្រិដ្ឋជន លឹម គឹមតេង បានបន្តមុខរបរ ចាស់របស់ខ្លួន គឺជួញដូរគ្រឿងញៀនដដែល ហើយធ្វើរឹតតែធំជាងមុន និងឆ្លាតជាងមុន សូម្បីតែសំបុករបស់វា មានរបងបិទ ជិតកំពស់ជិត៤ម៉ែត្រ ចិញ្ចឹមឆ្កែប៊ែកសេដាក់ទ្រុងនៅមុខផ្ទះក្រៅរបង ចាប់កាមេរ៉ាសុវត្ថិភាព ជុំវិញផ្ទះ និងយករបរខ្វៃទាលក់ បំភាន់ភ្នែកមហាជនក៏ដូចជាសមត្ថកិច្ច តែជាក់ស្តែងក្រុម វាខ្វៃទា ត្រឹមតែ១០ ទៅ១៤ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ។
ចំពោះជនសង្ស័យទាំង៥ ត្រូវបានបញ្ជូនទៅតុលាការ នៅពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ និងសម្រេចឃុំខ្លួន៕

fn-2016-05-01-16-59-17-1

fn-2016-05-01-16-59-18-12

fn-2016-05-01-16-59-18-13

fn-2016-05-01-16-59-18-14

fn-2016-05-01-16-59-18-15