You are currently viewing ឧត្តមសេនីយ៍ទោ ជា គឹមឡង ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា

ឧត្តមសេនីយ៍ទោ ជា គឹមឡង ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ជា គឹមឡង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ចុងសវត្សទី ៨០។
លោកឧត្តមសេនីយ៍ទោ ជា គឹមឡង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព យ៉ាងក្រៀមក្រម និងសោកស្តាយបំផុត ចំពោះការបាត់បង់វីរកុលបុត្រខ្មែរមួយរូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បូបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ដំណាក់កាលក្នុងការស្វែងរកសុខសន្តិភាព។ សូមវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាសព ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានទទួលមរណៈភាពនៅវេលាម៉ោង ១១ និង ៣៥នាទីព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៦៧ ឆ្នាំដោយរោគាពាធ។ សពឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា ត្រូវបានគណៈកម្មាធិការរៀបចំបុណ្យសព សហការជាមួយក្រុមគ្រួសារសព តំកល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងបែបពិធីការកងទ័ព នឹងប្រារព្ធពិធីបូជា នៅឈាបណដ្ឋានវត្តចំប៉ា ស្ថិតនៅសង្កាត់ក្បាលកោះ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។