បន្ទាយមានជ័យ៖ ដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិបង្រ្កាបករណីជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៥នាក់ខាងលើរួមមាន៖
១. ឈ្មោះ កន ឈុនលី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លស ក្រុងសិរីសោភ័ណ
២. ឈ្មោះ កន សេងយី (ហៅ យ៉េស) ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
៣. ឈ្មោះ រី សុខរ៉ាន់ (ហៅ ឡោក) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករបើករ៉ូឡូកិនដី បច្ចុប្បន្នស្នាក់នៅភូមិថ្នល់បំបែក ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ៤. ឈ្មោះ ឆាន់ វ៉ាន់ដា (ហៅ ច្រូច) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករបើកអេស្កាវ៉ាទ័រ បច្ចុប្បន្នស្នាក់នៅភូមិបឹងចក ឃុំស្យា ស្រុកកន្តៀង ខេត្តពោធិសាត់ ៥. ឈ្មោះ ស៊ុម ថា (ហៅ ខ្លឹង) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករបើកឡានដឹកដី បច្ចុប្បន្នស្នាក់នៅភូមិថ្នល់បំបែក ឃុំព្រៃញី ស្រុកកន្តៀង ខេត្តពោធិសាត់ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៩កូនថង់កឹប ទម្ងន់ ២.៤៨ក្រាម, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃ ០៥គ្រឿង, ចិញ្ចៀនលោហធាតុពណ៌លឿង ០២វង់, នាឡិកាដៃ ០២គ្រឿង និងកូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។