You are currently viewing ឃាត់ខ្លួនម្ចាស់ទីតាំងបញ្ចាំម៉ូតូដោយគ្មានច្បាប់អនុញ្ញាត

ឃាត់ខ្លួនម្ចាស់ទីតាំងបញ្ចាំម៉ូតូដោយគ្មានច្បាប់អនុញ្ញាត

កំពត៖ ដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ន សេន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្តឹងឈ្មោះ ឈុន វណ្ណា ភេទប្រុសបានខ្ចីម៉ូតូម៉ាកសេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC7367 ពីឈ្មោះ ប៉ាក វ៉ាន់ ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុនគូបូតា ខេត្តកំពត ត្រូវជាប្អូនថ្លៃរបស់ខ្លួន ដែលត្រូវបានជនសង្ស័យឈ្មោះ ឈុន វណ្ណា ខ្ចីជិះមានការមួយភ្លែតកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ហើយក៏បាត់រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
ក្រោយពីបាត់ម៉ូតូជាច្រើនថ្ងៃ ក៏ទទួលបានព័ត៌មានថា ម៉ូតូរបស់ជនរងគ្រោះ ប៉ាក វ៉ាន់ ត្រូវបានយកទៅបញ្ចាំនៅផ្ទះឈ្មោះ សែ បឿន ភេទប្រុស ជាប៉ូលីស រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង/ខេត្តកំពត។
ក្រោយពីទទួលបានព័ត៌មាន និងមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៤ និង ៤៧នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានចុះទៅត្រួតពិនិត្យទីតាំងបញ្ចាំខាងលើ ដែលគ្មានច្បាប់អនុញ្ញាត និងឆែកឆេររកឃើញម៉ូតូចំនួន ០២គ្រឿងមាន៖ ម៉ាក សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC 7367 ចំនួន ០១គ្រឿង (របស់ឈ្មោះ ម៉ន សេន) និងម៉ាកសេ ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1N8242 គ្មានកាតគ្រីចំនួន ០១គ្រឿង ដែលត្រូវបានជនសង្ស័យឈ្មោះ ឈុន វណ្ណា យកមកដាក់បញ្ចាំដែរ។
បន្ទាប់ពីឆែកឆេររួច ម្ចាស់ទីតាំងដាក់បញ្ចាំ ឈ្មោះ សែ បឿន ភេទប្រុស ត្រូវបានព្រះរាជអាជ្ញា បញ្ជាអោយឃាត់ខ្លួនជាបណ្តោះអាសន្ន។ ចំណែកឈ្មោះ ឈុន វណ្ណា បានរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យ ឈុន វណ្ណា កំពុងស្រាវជ្រាវស្វែងរក យកមកផ្តទ្ទាទោស ចំណែកម្ចាស់ទីតាំង និងវត្ថុតាង កម្លាំងជំនាញ បន្តចាត់ការតាមនីតិវិធី។