You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំបូកសរុបការងារ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ឆ្នាំ២០១៨

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំបូកសរុបការងារ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ឆ្នាំ២០១៨

កំបូល៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានប្រារព្ធពិធីប្រជុំបូកសរុបការងារ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីលោកនាយករង លោកប្រធានមន្ទីរទាំងបួន នាយក្រុមយោធាចារ្យ នាយការិយាល័យបុគ្គលិក និងវរអត្តរាគមន៍ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានមានមតិសង្កត់ធ្ងន់លើការអនុវត្តតួនាទី ភារកិច្ចការងារ និងកសាងកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ ទិសដៅឆ្នាំ២០១៩និងអនុវត្តតាមអនុសាសន៍របស់លោក នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិ្ទមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយបានយកចិត្តទុកដាក់មកដល់នាយ នាយរងនិងពលអាវុធហត្ថទាំងអស់ទាំងកម្លាំងស្មារតី និងថវិកា។
ក្នុងនោះដែរលោកនាយកវិទ្យាស្ថានបានផ្តាំផ្ញីឱ្យគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់ទាំង ១០ចំណុចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!
១.ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពចេញពីប្រជាជននិងដើម្បីប្រជាជន។
២.ត្រូវចូលរួមជាមួយកងកម្លំាងផ្សេងៗទៀត ដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពើអសកម្ម គ្រឿងញៀនចោរកម្មការពារសុវត្ថិភាពភូមិឃុំ ដើម្បីឱ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព។
៣.ខិតខំប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទប់ស្កាត់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលាដោយមិនបាច់បទបញ្ជានោះឡើយ។
៤.កងទ័ពទាំងអស់មិនថានៅក្នុងឫនៅក្រៅប្រទេសទេ គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រខ្វះខាត កុំធ្វើឱ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែកដោយសារទង្វើរអ្វីមួយពីកងទ័ពយើង។
៥.កងទ័ពត្រូវគ្រាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗនិងចូលរួមទប់ស្កាត់បទល្មើសនានា។
៦.គាំទ្រការប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទប់ស្កាត់អំពើពុករលួយដើម្បីប្រយោជន៍ជាតិ និងប្រទេសរីកចម្រើនព្រមទាំងចូលរួមបង់ពន្ធបង្កើនចំណូលជាតិ។
៧.ត្រូវខិតខំហ្វឹកហ្វឺននិងហ្វឹកហាត់បង្កើនសមត្ថភាព។
៨.យកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍ដែលមានដើម្បីធានាថាអាវុធនៅតែអាចប្រើប្រាស់បាននៅពេលត្រូវការបន្ទាន់។អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ធភ័ណ្ឌរបស់ខ្លួនឱ្យបានល្អមិនត្រូវអោយអត់សាំងអត់ប្រេងឬប្រើមិនកើតពេលត្រូវការនោះទេ។
៩.យកចិត្តទុកដាក់ដល់ជីវភាពកងទ័ពដូចជាជម្រកស្នាក់នៅ ចំណីអាហារ សម្ភារៈត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព។ជាពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពង់ឈរជើងតាមព្រំដែននិងផ្តល់សេវាថែទាំសុខភាពនិងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។
១០.កងទ័ពត្រូវដើរតួនាទីជាភ្នាក់ងារការទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាងគឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់និងបង្កើនទំនាក់ទំនង សហប្រតិបការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកនិងតាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងយុទ្ធវិធីផ្សេងៗជាមួយកងទ័ពនៃបណ្តាប្រទេសនានា។