កំពង់ស្ពឺ៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានទាំងអស់ ។
មានប្រសាសន៍លើកឡើងនាឱកាសនោះលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងថា បន្តស្រាវជ្រាវគ្រប់តំបន់ដែលសង្ស័យមានការកាប់បំផ្លាញធនធានធម្មជាតិ តាមដានមុខសញ្ញាដែលកំពុងលាក់ខ្លួនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ។
លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា បើមាននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងខេត្ត ដែលជាប់ពាក់ព័ន្ធ និងបទល្មើសធនធានធម្មជាតិត្រូវតែដកខ្លួនចេញឲ្យផុត ជៀសវាងអង្គភាពស្រាវជ្រាវដឹងថាជាប់ពាក់ព័ន្ធនិងទទួលខុសត្រូវតាមច្បាប់ របស់អង្គភាពជាក់ស្តែង ៕