តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៩.៧៤២.០០០ រៀល ទៅប្រគល់ជូនគ្រួសារសពលោក ឧត្តមសេនីយ៍ត្រី សឹម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ បានឱ្យដឹងថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោក នាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាក ដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។
តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។