បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្វខួបគម្រប់ ២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់ លោក នាយឧតត្តមសេនីយ៍ សៅ សុខា ចំពោះទណ្ឌិត សម រង្ស៊ី និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះដីកាតុលាការក្នុងការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង ។ ដែលមាននាយទាហាន តាមបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្ត ចូលរួមចំនួន ២២០នាក់ ។
លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា៖ ដោយទទួលបានបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយទទួលបានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖
១-ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិ ព្រោះកងទ័ពកើតចេញពីប្រជាជន និងដើម្បីប្រជាជន
២-ត្រូវចូលរួមជាមួយកម្លាំងផ្សេងៗទៀត ដើម្បីរក្សាសន្តិភាព ទប់ស្កាត់អំពលអសកម្ម គ្រឿងញៀន ចោរកម្ម ការពារសុវត្ថិភាពភូមិ/ឃុំ ដើម្បីឲ្យប្រទេសជាតិមានសេចក្តីសុខ ជាពិសេសរួមគ្នារក្សាសន្តិភាព
៣-ខិតខំប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទប់ស្កាត់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណាក៏ដោយ បើឃើញថាខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ គឺត្រូវតែបង្រ្កាបឲ្យទាន់ពេលវេលា
៤-កងទ័ពទាំងអស់មិនថានៅក្នុង ឬនៅក្រៅប្រទេស គឺត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រ ខ្វះខាត កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារទង្វើអាក្រក់អ្វីមួយពីកងទ័ពយើង
៥-កងទ័ពត្រូវគាំទ្រដល់ផ្នែកច្បាប់ ដូចជាចូលរួមការពារថែរក្សាព្រៃឈើ រក្សាធនធានធម្មជាតិផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសនានា
៦-គាំទ្រការប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់អំពើពុករលួយដើម្បីជាប្រយោជន៍ជាតិ និងប្រទេសរីកចម្រើន ព្រមទាំងចូលរួមបង់ពន្ធបង្កើនដល់ចំណូលជាតិ
៧-ខិតខំបង្កើនវិន័យកងទ័ពឲ្យបានខ្ជាប់ខ្ជួនជាពិសេសពេលដែលយើងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ហើយ តែបែរជាយើងមិនចេះប្រើប្រាស់ ត្រូវអនុវត្តតាមបទបញ្ជា និងត្រូវបង្កើនការហ្វឹកហាត់ទាំងតាមក្បួនខ្នាតទ័ពត្រឹមត្រូវ និងហាត់ប្រាណដើម្បីរក្សាសុខភាព
៨-ត្រូវយកចិត្តទុកដាក់ថែរក្សាសម្ភារៈដែលយើងមានដើម្បីធានាថាអាវុធរបស់យើងនៅតែអាចប្រើប្រាស់បាននៅពេលដែលត្រូវការបន្ទាន់ ។ អង្គភាពទាំងអស់ត្រូវតែថែទាំសម្ភារៈយុទ្ធភ័ណ្ឌរបស់ខ្លួនឲ្យបានល្អ ដើម្បីធានាថាអាវុធយើងប្រើប្រាស់បានចំគោលដៅនៅពេលត្រូវការ
៩-យកចិត្តទុកដាក់ដល់ជីវភាពកងទ័ពដូចជា ជម្រកស្នាក់នៅ ចំណីអារហារ សម្ភារៈត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ពិសេសត្រូវបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែទាំសុខភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន
១០-កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតដ៏សំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកនិងតាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងយុទ្ធវិធីផ្សេងៗជាមួយកងទ័ពនៃបណ្តាប្រទេសនានា ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍បានផ្សព្វផ្សាយ ញត្តិថ្កោលទោស របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្ស៊ី និងប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះដីកាតុលាការក្នុងការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដើម្បីពង្រឹងការអនុវត្តច្បាប់ និងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋព្រមទាំងការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ក្នុងនោះផងដែរបានធ្វើការផ្សព្វផ្សាយការងារបច្ចេកទេសសន្តិសុខ និងការងារការពារធនធានធម្មជាតិ ដល់អង្គប្រជុំដែលធ្វើបទបង្ហាញដោយលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ។ ជាកិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បានដាក់ផែនការឲ្យគ្រប់បណ្តាមន្ទីរ មូលដ្ឋានក្រុង/ស្រុក ត្រូវធ្វើការផ្សព្វផ្សាយបន្តដល់នាយទាហានរង និងពលទាហាន ក្រោមឱវាទឲ្យបានគ្រប់ៗគ្នា ។