រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបាន អ្នកភូមិប្រទះឃើញស្លាប់ នៅក្នុងស្ថានភាពហើមស្អុយ នៅក្នុងដីឡូត៍មួយកន្លែង និងបានបង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែមិនមាននរណាម្នាក់អះអាងថា បានស្គាល់អត្តសញ្ញាណរបស់បុរសនោះឡើយ ។ ហេតុការណ៍ដែលបានប្រទះឃើញសាកសពនោះ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងដីឡូត៍មួយកន្លែង ហៅរ៉ាសំរោង ភូមិសំរោង សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមភ្នាក់ងារGRK News បានអោយដឹងថា សន្តិសុខវ័យចំណាស់ម្នាក់និយាយថា គាត់មិនបានស្គាល់អត្តសញ្ញាណ ជននោះឈ្មោះអ្វី និងមានទីលំនៅទេ គ្រាន់តែបានដឹងថានៅមុនពេលបុរសនេះស្លាប់ កាលពី៦ ទៅ៧ថ្ងៃមុន គាត់បានឃើញ បុរសនេះដើរចូលទៅក្នុងដីឡូត៍ ដែលមានរបងព័ទ្ធជុំវិញទំនេរចោល។ សន្តិសុខវ័យចំណាស់បញ្ជាក់បន្ថែមថា បុរសនោះជាមនុស្សមិនសូវគ្រប់ទឹក ទំនងដូចជាបែកថ្នាំបានដើរចូលដីឡូត៍នោះ ហើយមិនឃើញចេញមកវិញសោះ។ រហូតមកដល់ល្ងាចម៉ោង៥ល្ងាចមិញនេះ បានធំក្លិនស្អុយចម្លែក គាត់មានការងឿងឆ្ងល់ ក៏បានដើរចូលទៅមើលជិត ស្រាប់តែប្រទះឃើញបុរសនោះ ដេកស្លាប់ក្នុងសភាពហើមស្អុយបាត់ទៅហើយ។
បន្ទាប់មកគាត់បាន ចាកចេញពីទីនោះ ហើយបានយកដំណឹងនេះ ប្រាប់ដល់អ្នកភូមិ នាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នា ប៉ុន្តែមិនមាននរណាម្នាក់ បានស្គាល់ជនរងគ្រោះម្នាក់នេះឡើយ ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បានចុះទៅមើល ហើយបានរាយការណ៏បន្តទៅសមត្ថកិច្ចជំនាញ ដើម្បីចុះទៅពិនិត្យ ទៅលើសាកសព រួចទើបប្រគល់សពទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ចាត់ចែងបូជានៅវត្តត្រពាំងឈូក ៕
សេចក្តីបញ្ជាក់ : បើបងប្អូនណាបានបាត់សមាជិកដែលមានភិនភាគដូចខាងលើ សូមរាយការណ៍ ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅកន្លែងកើតហេតុផ្ទាល់។