You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សាប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះឈ្មោះ ឆាយ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ ម៉ៃ ឡា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ២-ឈ្មោះ ម៉ៃ លីន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ៣-ឈ្មោះ ជុំ ភក្តី (ហៅចាវ) ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ នៅថ្ងៃកើតហេតុ ពួកគេបានផឹកស៊ីជាមួយគ្នារហូតស្រវឹងរៀងខ្លួន ហើយជនសង្ស័យឈ្មោះ ជុំ ភក្តី បានទាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះ ហើយបានវ៉ៃជនរងគ្រោះរហូតរងរបួសបែកក្បាល ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហឹង្សា ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។