You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាម ការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាម ការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រះសីហនុ​ នារសៀលថ្ងៃចន្ទ​ ទី២៥​ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម អប់រំចិត្តសាស្រ្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាច្រើនរូបទៀត។

ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតិឱ្យរូបលោក មកធ្វើការងារអប់រំចិត្តសាស្ត្រដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ គឺដើម្បីឱ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសប្រកាន់ខ្ជាប់នូវការគោរពច្បាប់ គោរពវិន័យ អនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ពិសេសគោរព ការពារដ្ឋធម្មនុញ្ញ និងដើម្បីពង្រឹងជំហរសតិអារម្មណ៍ មានទស្សនៈជាតិនិយម យល់ដឹងអំពីប្រវត្តិប្រទេសជាតិ ប្រវត្តិកងរាជអាវុធហត្ថ ប្រពៃណី និងវីរភាពនៃអង្គភាព ព្រមទាំងមានចំណេះដឹងពិតប្រាកដក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងនាមកងរាជអាវុធហត្ថ ។ លោកឧត្តមសេនីយ៍ ក៏បានលើកឡើងអំពី សភាពការណ៍ជាតិ អន្តរជាតិ ព្រមជាមួយស្មារតីស្នេហាជាតិ និងស្មារតីចូលរួមកសាងអង្គភាព ចេះស្រឡាញ់ប្រជាជន បម្រើប្រជាជន ជួយប្រជាជនដោយស្មោះ និងមានទំនាក់ទំនងល្អជាមួយប្រជាជន ព្រមទាំងធ្វើជាគំរូ ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេសត្រូវចូលរួមគោរពច្បាប់ចរាចឱ្យបានគ្រប់ៗគ្នា ។ ក្នុងនោះដែរ លោកឧត្តមសនីយ៍ បានបន្ថែមថា អាវុធហត្ថត្រូវតែរៀនអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ព្រោះវាបានតភ្ជាប់ពីអតីតកាល មកដល់បច្ចុប្បន្ន និងទៅអនាគត ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ ដែលត្រូវបានគេបញ្ឆេះឡើង នៅប្រទេសជាច្រើន តារយៈបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នា ធ្វើឱ្យបាក់បែកជាតិសាសន៍ និងបង្កើតឱ្យមានភេរវកម្ម បណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់រាប់ម៉ឺននាក់។
ចុងបញ្ចប់លោក ឧត្តមសេនីយ៍ អេង ហ៊ី ក៏បានផ្តាំផ្ញើដល់នាយ នាយរងអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ត្រូវធ្វើការដោយគោរពច្បាប់ ការពារច្បាប់ និងមិនត្រូវធ្វើអ្វីដោយខុសច្បាប់ឡើយ ៕