លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស ” ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឃមណ្ឌល និងសាលាបាល់ទាត់ទន្លេបាទី ស្ថិតនៅភូមិថ្នល់ទក្សិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ និងលោក លោកស្រី នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបផងដែរ។
លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្នុងនាមកងរាជអាវុធហត្ថទាំងមូល និងខ្លួនខ្ញុំផ្ទាល់ ជាមួយអស់លោក លោកស្រី មេបញ្ជាការរង នាយទាហានជាន់ខ្ពស់គ្រប់លំដាប់ឋានានុក្រមនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩នេះ និងសូមជូនពរដល់បងប្អូនកងរាជអាវុធហត្ថនារីទាំងមូល បងប្អូនស្ត្រីដែលជាភរិយា ជីដូន ម្តាយ អ៊ំស្រី មីង កូនចៅស្រីរបស់អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុវែង ជាបង្គោល និងជាបង្អែកដ៏រឹងមាំ ក្នុងការថែរក្សាសុភមង្គលគ្រួសារ ក៏ដូចជាការរួមចំណែកដើម្បីពង្រឹងកងរាជអាវុធហត្ថរបស់យើង។ កងរាជអាវុធហត្ថនារីខ្លះបានបំពេញការងារតាំងពីដំបូងៗមក ។
លោក នាយឧត្តមសេនីយ៍ បានបន្តថា ជាការពិត នារីខុសគ្នានឹងបុរស គឺនារីមានកម្លាំងខ្សោយជាងបុរស ប៉ុន្តែនារីខ្លះក៏ពូកែជាងបុរសដែរ មិនមែនបុរសចេះតែធ្វើអ្វីក៏បានទេ កិច្ចការងារមេផ្ទះ មើលកូនចៅ មេផ្ទះពិតប្រាកដគឺប្រពន្ធ តាមការកត់សម្គាល់គ្រួសារណាដែលមានភរិយាពូកែ គ្រួសារហ្នឹងកូនចៅមិនមានបទល្មើសគ្រឿងញៀន ឬមួយសកម្មភាពអសកម្មក្នុងសង្គមទេ។ គ្រួសារល្អ ឬមិនល្អ ដោយសារភរិយា ពិតហើយប្តីគឺជាផ្នែកមួយយ៉ាងសំខាន់ជាបង្គោល ប៉ុន្តែគឺប្រពន្ធសំខាន់ណាស់។
លោក នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា សូមអរគុណនិងថ្លែងការកោតសរសើរលោកស្រី អ្នកនាងកញ្ញា ទាំងភរិយារបស់អស់លោកនាយទាហាននៃកងរាជអាវុធហត្ថទាំងអស់ រួមទាំងភរិយារបស់ខ្ញុំ កូនចៅស្រីរបស់ខ្ញុំផងដែរ ដែលបានថែរក្សាកូនចៅទុកឱ្យប្តីមកបម្រើការងារនៅក្នុងកងរាជអាវុធហត្ថ ធ្វើឱ្យយើងកសាងអង្គភាពនេះមានកិត្តិយសទាំងអស់គ្នា សូមផ្តាំផ្ញើការសាកសួរសុខទុក្ខដល់បងប្អូនស្រី អ្នកម្តាយ និងក្មួយស្រីផង។ កុំភ្លេចប្រពន្ធនៅផ្ទះ កុំសប្បាយភ្លេចប្រពន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ បានពាំនាំនូវការសួរសុខទុក្ខនិងការលើកទឹកចិត្តពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពីឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនពរកងរាជអាវុធហត្ថនារីទាំងអស់ជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរ លោក នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាដល់អាវុធហត្ថនារីក្នុងម្នាក់ៗចំនួន ១២ម៉ឺនរៀល ព្រមទាំងពិសារអាហារសាមគ្គីផងដែរ។