You are currently viewing សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជាង១ពាន់នាក់ ប្រកបដោយភាពអធឹកអធមបំផុត។ ក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទស្សនា សមិទ្ធិផលរបស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ជូនគណអធិបតី ស្តីពីលទ្ធផលការងាររបស់អាវុធហត្ថរាជធានី ភ្នំពេញ សម្រេចបានកន្លងមកជាច្រើន ដែលមានខ្លឹមសារជារួម គឺផ្តោតសំខាន់លើការតស៊ូប្រឹងប្រែងជំនះឧបសគ្គ អនុវត្ត ភារកិច្ចចម្បងចំនួន ០៤ក្នុងពេលតំណាលគ្នា នោះគឺ៖ ១-ការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ, ២-ការគ្រប់គ្រង និង កសាងអង្គភាព, ៣-ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស និង ៤-ការជួយសង្គ្រោះបម្រើពលរដ្ឋ និងសង្គម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ ចំពោះរាល់ស្នាដៃដែលកងរាជអាវុធហត្ថ រាជធានីភ្នំពេញសម្រេចបាន និង មានមតិ សំណេះសំណាលផ្តាំផ្ញើដល់កងរាជអាវុធហត្ថរាជធានី ភ្នំពេញទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធិភាពខ្ពស់បំផុត នូវអនុសាសន៍ ១០ចំណុចរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធី អបអរសាទរខួប ២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ។ ក្នុងនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ ចំពោះអាវុធហត្ថភ្នំពេញ ដែលបានបំពេញយ៉ាងពេញលេញរួចជាស្រេចទៅហើយ និងអាចនិយាយបានថាជាគំរូមួយផងដែរ ដល់បណ្តាកងឯកភាពទាំងឡាយ។ សម្តេចពិជ័យសេនា បានបន្ថែមថា កន្លងមកសម្តេចបានរួមចំណែក ស្វះស្វែងរកគ្រឿងបំពាក់ ធ្វើយ៉ាងណា ជំនួយដល់កម្លាំងទាំងអស់ពេលចេញប្រតិបត្តិការ ធានាបានសុវត្ថិភាព ហើយបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធិភាពផងដែរ តែយ៉ាងណាក៏ដោយ សម្តេចមិនអាច មិនកោតសរសើរបានទេ អ្វីដែលបានមកហើយ ហាក់ដូចជាមិនទាន់សមស្របទាំងស្រុង តែអាវុធហត្ថភ្នំពេញ បាននាំយកមកកែច្នៃបន្ថែម ស្របតាមស្ថានភាព ជាក់ស្តែង ស្របតាមបទពិសោធន៍ ដែលធ្លាប់ប្រតិបត្តិការហើយជួបប្រទះ ព្រមទាំងមានការធានាទាំងជីវភាព ធានាការចេញប្រតិបត្តិការ និង មានការធានាទុកដាក់សម្ភារ អាវុធយុទ្ធភ័ណ្ឌ បានយ៉ាងល្អ។ ជាថ្មីម្តងទៀត សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ នាយទាហាន នាយទាហានរង របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានប្រឹងប្រែង ធ្វើពលីកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាជន និង សង្គមជាតិយើង និងសូមអរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ឥស្សរជន ក្រសួងស្ថាប័ន រាជរដ្ឋាភិបាល និង សប្បុរសជនទាំងអស់ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ លើគ្រប់វិស័យ ដើម្បីភាពរីកចម្រើន កងរាជអាវុធហត្ថ នៃកងយោធពលខេរភូមិន្ទ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង ស្ថាប័ន វិស័យឯកជន សប្បុរសជនទាំងអស់ ដែលបានគាំទ្រឧបត្ថម្ភ សព្វបែបយ៉ាង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាំងពីមុន រហូតមកដល់បច្ចុប្បន្ន ដែលជាការបង្ហាញ ពីការពង្រឹងពង្រីក ចំណងមិត្តភាពនិងកិច្ចសហការ ក្នុងការជម្រុញលើកកំពស់សមត្ថភាព និងប្រសិទ្ធិភាពការងាររបស់កងរាជអាវុធហត្ថក្នុងបុព្វហេតុ ការពារសុខសន្តិភាព សន្តិសុខ ស្ថិរភាព និងវឌ្ឍនភាពសង្គម៕