ខេត្តកណ្តាល ៖ សាកសពក្មេងស្រីអាយុ០៩ឆ្នាំម្នាក់ មានសភាពហើមស្អុយអសោច៍ទៅហើយ និងអាក្រាតកាយផង ដែលករណីនេះសង្ស័យថា ត្រូវបានគេរំលោភសម្លាប់ជាច្រើនថ្ងៃ ក៏ត្រូវអ្នកដើររកឃ្មុំប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើល កាលពីម៉ោង០១ និង១០នាទីរសៀលថ្ងៃទី៤ ឧសភា ស្ថិតនៅក្នុងព្រៃចំណុចមាត់ប្រឡាយខាងលិចផ្លូវជាតិលេខ៦ ចម្ងាយប្រហែល៣០០ម៉ែត្រ ក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឪពុកម្ដាយ ធ្វើជាកម្មករឡឥដ្ឋបាយ័ន ក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សាក្សីដដែលបន្ថែមទៀតថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២២ មេសា កន្លងមក ក្មេងស្រីរងគ្រោះបានបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ ហើយឪពុកម្ដាយបានពឹងពាក់ឱ្យអ្នកជិតខាងជួយដើររក តែរកមិនឃើញទេ ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ព្រែកអញ្ចាញ ។
លុះដល់ថ្ងៃទី៤ ឧសភា វេលាម៉ោង០១ និង៣០នាទីរសៀល ក៏មានអ្នកដើររកឃ្មុំប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ នៅក្នុងព្រៃក្បែប្រឡាយ ចម្ងាយពីផ្លូវជាតិ ប្រមាណ៣០០ម៉ែត្រ ក៏បានមកប្រាប់អ្នកភូមិផ្អើលឆោឡោ ។
ភ្លាមនោះ អាជ្ញាធរមូលដ្ឋានបាន ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញខេត្តចុះមកពិនិត្យសាកសព។