You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការលេខ ០៤/២០១៩ ផ.ក ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ សន្តិសុខ និងបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយមានការចូលរួមពី លោក មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុកស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័ត កម្លាំងត្រៀមអន្តរាគមន៍ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
លោក ឧត្តមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍ថា កម្លាំងត្រូវឃ្លាំមើល ទីតាំងដែលលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើ ឬកន្លែងដែលលួចស្តុកផលអនុផលព្រៃឈើដោយខុសច្បាប់ និងពិនិត្យឲ្យបានច្បាស់លាស់ចំពោះអ្នកប្រព្រឹត្តបទល្មើស និងជនពាក់ព័ន្ធ ហើយប្រើវិធានការច្បាប់ឲ្យបានរឹងមាំបំផុត និងចំគោលដៅ។ ទទួលបានស្នាដៃលទ្ធផលការងារ ដោយការខិតសំប្រឹងប្រែងបង្ក្រាបរបស់កងកម្លាំងយើង។ ស្រាវជ្រាវការរុករានទន្ទ្រានយកដីរដ្ឋ ដែលប្រើប្រាស់រូបភាពបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដោយកាប់ឈើបំផ្លាញដល់ឬស្សគល់តែម្តង។
លោកមេឧត្តមសេនីយ៍ បានបន្តទៀតថា កម្លាំងទាំងអស់ជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រមូលព័ត៌មានដើម្បីចងក្រងឯកសារច្បាប់ ចំពោះជនសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ធានាផ្លូវច្បាប់ទៅកាន់ស្ថាប័នតុលាការ ។ កន្លងមកជាគោលការណ៍កម្លាំងរបស់កងរាជអាវុធហត្ថតែងប្រើវិធានការអប់រំច្រើនដោយផ្នែកលើទិដ្ឋភាពសង្គម ហើយផ្តោតសំខាន់ទៅលើក្រុមឈ្មួញកណ្តាល និងបញ្ជៀសឲ្យបានចំពោះប្រជាជនដែលរកស៊ីទទួលទានមានកម្រឹតតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តែក៏ត្រូវទទួលបានការអប់រំ និងធ្វើកិច្ចសន្យាផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា កងរាជអាវុធហត្ថបានត្រៀមជាប្រចាំដើម្បីចូលរួមបង្ក្រាបរាល់ការដឹកជញ្ជូនធនធានធម្មជាតិដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ដោយឡែក ដើមឆ្នាំ២០១៩នេះ ខេត្តកំពង់ស្ពឺបង្ក្រាបបានចំនួន២លើក នឹងរឹបអូសបានឈើចំរុះ៣៤,៩៨ ម៉ែត្រគូប ម៉ាស៊ីនរ៉ៃបញ្ឈរចំនួន ០២គ្រឿង និងថាសចំនួន ០១គ្រឿង សព្វថ្ងៃរក្សាទុកនៅជំនាញ ។
លោកបន្តថា បើទោះបីភូមិសាស្ត្រផ្ទៃដីមានសភាពស្មុកស្មាញ និងជាតំបន់ព្រៃភ្នំដាច់ត្រយាល ស្ថានភាពផ្លូវលំបាក ដែលជាការងាយ ស្រួលដល់ការប្រព្រឹត្តបទល្មើស ទោះជាបែបនេះក្តីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅតែបានធ្វើការបង្ក្រាបបទល្មើសធនធនធម្មជាតិដែលឈ្មួញបានលួចប្រព្រឹត្តនៅតាមតំបន់ព្រៃស្ងាត់ និងដឹកតាមរថយន្តឆ្លងកាត់តាមផ្លូវ ដោយខុសច្បាប់ផងដែរ ។