ថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើន អញ្ជើញចុះសួរសុខទុក្ខយោធិន កងវិស្វកម្មលេខ៧១៦ ដែលកំពុងស្ថាបនាផ្លូវគ្រួសក្រហមតាមបណ្តោយព្រំដែន បង្គោលលេខ១១៥ ច្រកព្រំដែនឡាប៉ាខេ ស្រុកកែវសីមា សំណេះសំណាលជាមួយ វរសេនាតូចការពារព្រំដែនលេខ២ ខេត្តមណ្ឌលគិរី, ពិនិត្យច្រកព្រំដែនអូយ៉ាដាវ បង្គោលព្រំដែនលេខ៣០ បង្គោលព្រំដែនលេខ២៩ និងសំណេះសំណាលជាមួយយោធិនកងវិស្វកម្មលេខ ៧១៥ព្រមទាំងសំណេះសំណាលជាមួយយោធិនតំបន់ប្រតិបត្តិការសឹករង វរសេនាតូចការពារព្រំដែនលេខ២ អង្គភាពនគរបាលជាតិ អង្គភាពកងរាជអាវុធហត្ថ ខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខយោធិន កងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវគ្រួសក្រហម ស្ពាន តាមបណ្តោយព្រំដែន នៅកោះទន្សាយ និងសំណេះសំណាល ជាមួយយោធិនតំបន់ប្រតិបត្តិការសឹករង នគរបាលជាតិ កងរាជអាវុធហត្ថមន្ត្រីរាជការ ខេត្តស្ទឹងត្រែង ។ ក្នុងនោះដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួយឧត្ថម្ភសំម្ភារៈនិងប្រេងឥន្ទនៈ ដល់តំបន់ប្រតិបត្តិការសឹករង ខេត្តរតនគិរី ឧត្ថម្ភសម្ភារៈដល់តំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី តាមការស្នើសុំសម្ភារៈមួយចំនួន និងប្រេងឥន្ទនៈ សម្រាប់បំពេញតម្រូវការនៅក្នុងអង្គភាព។
បន្ទាប់មកលោក នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានពិនិត្យនិងផ្តល់អនុសាសន៍ លើគំរោងសាងសង់សំណង់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដល់លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។