ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថសរុបទាំងអស់ចំនួន៦២នាក់។
ក្នុងពិធីនេះដែរលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់អាវុធហត្ថជានារីចំនួន ១២នាក់ ដើម្បីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ (លើកកម្ពស់សមភាពយែនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ដែលក្នុងម្នាក់ៗទទួលបានសាប៊ូដុសខ្លួន ១ដបធំ, សាប៊ូកក់សក់ ១ដបធំ, កន្សែងពោះគោ ១ និងថវិកាចំនួន ៥០,០០០៛។