You are currently viewing ការប្រែក្លាយពីពលរដ្ឋស៊ីវិលទៅជា​យោធិន​នៃកងរាជអាវុធហត្ថ

ការប្រែក្លាយពីពលរដ្ឋស៊ីវិលទៅជា​យោធិន​នៃកងរាជអាវុធហត្ថ

ទស្សនៈរបស់អ្នកយកព័ត៌មានកងរាជអាវុធហត្ថ (GRK News)៖ ចុងសប្តាហ៍ជាថ្ងៃសម្រាក ប៉ុន្តែ GRK News មិនសម្រាកទេ សុំយកពេលវេលានេះ ធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពីការប្រែក្លាយពីពលរដ្ឋស៊ីវិលទៅជាយោធិននៃកងរាជអាវុធហត្ថ ជូនសាធារណជន ជាពិសេសយុវជន សិស្ស និស្សិត ដែលមានបំណងចង់មកបម្រើការងារក្នុងកងរាជអាវុធហត្ថ។
ជាការពិត បុគ្គលគ្រប់រូបមានសិទ្ធិសេរីភាព ករណីយកិច្ចដូចគ្នាទាំងអស់ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ព្រមទាំងមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវរបស់សង្គម។ ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ហើយកាតព្វកិច្ចការពារមាតុភូមិ ត្រូវបានអនុវត្តតាមបញ្ញត្តិច្បាប់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ រីឯយោធិននៃកងរាជអាវុធហត្ថមានសិទ្ធិនិង សេរីភាពដូចប្រជាពលរដ្ឋដទៃទៀត ក៏ប៉ុន្តែការប្រើសិទ្ធិនិងសេរីភាពខ្លះ ត្រូវមានកម្រិតស្របតាមបញ្ញត្តិដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន​នៃកងយោធពលខេមរ​ភូមិន្ទ។ ទន្ទឹមនេះដែរ អាវុធហត្ថត្រូវមានអព្យាក្រឹត្យភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ ឬក៏ប្រើប្រាស់ខុសច្បាប់។ អាវុធហត្ថម្នាក់ៗ អាចមានគំនិត ឬជំនឿដែលមានលក្ខណៈជាទស្សនវិជ្ជា ឬនយោបាយផ្ទាល់ខ្លួនបាន ប៉ុន្តែមិនអាចសម្តែងជាសាធារណៈបានឡើយ។ បើចង់បកស្រាយជាសាធារណៈ ជាអាទិ៍ការសរសេរ ការធ្វើសន្និសីទ ឬសេចក្តីថ្លែងការណ៍នូវបញ្ហានយោបាយ ឬការសម្ងាត់យោធា ត្រូវមានការអនុញ្ញាតតាមឋានានុក្រមរហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ អាវុធហត្ថមិនអាចនាំគ្នាបង្កើតជាក្រុមវិជ្ជាជីវៈ ដែលមានលក្ខណៈជាសហជីព ឬចូលរួមជាសមាជិកក្រុមវិជ្ជាជីវៈណាមួយដែលមិនស្របទៅនឹងវិន័យយោធាបានឡើយ។ ជាពិសេសក្នុងនាមជាអាវុធហត្ថ ការប្រើសិទ្ធិធ្វើកូដកម្ម ឬបាតុកម្មត្រូវហាមឃាត់។ អាវុធហត្ថត្រូវទទួលបញ្ជាទៅបម្រើការងារនៅគ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនជាការចាត់តាំងនោះបណ្តាលឱ្យមានការលំបាក ដែលចាំបាច់ត្រូវការឧបត្ថម្ភ ធានាផ្តល់ឱ្យទៅតាមប្រភេទនៃការលំបាកនោះ។ អាវុធហត្ថត្រូវគោរពនិងអនុវត្តរាល់បញ្ជាដោយមានស្មារតីទទួលខុសត្រូវ។ បញ្ជាណាដែលមានភាពច្បាស់ក្រឡែតផ្ទុយពីច្បាប់ ឬផ្ទុយពីអនុសញ្ញាអន្តរជាតិត្រូវហាមឃាត់។ ក្នុងករណីនេះអ្នកបញ្ជាក្តី អ្នកអនុវត្តក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ អាវុធហត្ថត្រូវមានកាតព្វកិច្ចរក្សាការសម្ងាត់យោធា ឬការសម្ងាត់ខាងវិជ្ជាជីវៈ ឬរក្សាការសម្ងាត់ អំពីហេតុការណ៍និងព័ត៌មានដែលខ្លួនបានដឹងក្នុងពេលបំពេញភារកិច្ច ការពង្វាង ឬការផ្តល់ព័ត៌មាន លិខិតស្នាម ឬឯកសារនៃសេវាផ្ទុយពី បទបញ្ជាទៅឱ្យតតិយជនត្រូវហាមឃាត់។
បញ្ញា ចំណេះដឹង និងការគិតរបស់បុគ្គលគ្រប់រូបមិនដូចគ្នាទេ មានគោលបំណង គោលដៅ ទស្សនៈវិស័យខុសៗគ្នា ដូច្នេះដើម្បីសម្រេចគោលបំណង ដល់គោលដៅ នៃការគិតរបស់យើង ត្រូវសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន។ ប្រសិនបើយើងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ យើងត្រូវសិក្សាស្រាវជ្រាវពីកងរាជអាវុធហត្ថអំពី ប្រវត្តិ សាវតា តួនាទី ភារកិច្ច រចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ។ល។ ក្នុងឱកាសនេះ GRK News លើកយកតែអំពីប្រធានបទខាងលើមកជម្រាបជូនតែប៉ុណ្ណោះ។
ដើម្បីឱ្យយល់ច្បាស់អំពីកងរាជអាវុធហត្ថ GRK News សូមលើកអំពីប្រវត្តិខ្លះៗរបស់កងរាជអាវុធហត្ថមកជម្រាបជូនដូចតទៅ៖ ផ្អែកតាមការសិក្សាស្រាវជ្រាវ កងរាជអាវុធហត្ថខ្មែរត្រូវបានបង្កើតឡើងតាំងពីជំនាន់ព្រះរាជាណាចក្រកម្ពុជាទី១ នេះបើតាមព្រះរាជក្រឹត្យលេខ៤៤៦NSនិង៤៤៧NSចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧។ ដោយសារការវិវត្តនៃរបបនយោបាយ កងរាជអាវុធហត្ថខ្មែរត្រូវបានប្តូរឈ្មោះទៅជាកងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១CE ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ នៅក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់ ។ កងអាវុធហត្ថជាតិ ក៏ត្រូវបានលុបបំបាត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដូចជាស្ថាប័នផ្សេងៗទៀតដែរ។ នៅឆ្នាំ១៩៩៣ ស្របជាមួយនយោបាយបង្រួបបង្រួមជាតិ និងការបញ្ចូលកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះទៅជាកងទ័ពជាតិតែមួយ នៅក្នុងមាត្រា២ (រចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន) នៃក្រឹត្យ ស្តីពីការចាត់តាំងរចនាសម្ពន្ធរបស់ក្រសួងការពារជាតិនិងអគ្គសេនាធិការ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងចំណោមអង្គភាពទ័ពជំនាញក៏មាន កងអាវុធហត្ថ ផងដែរ និងមានតួនាទី ភារកិច្ចត្រឹមតែតម្រួតយោធាប៉ុណ្ណោះ។ យោងស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលនោះ គឺស្ថិតក្នុងសន្តិភាពផងនិងមានសង្គ្រាមផង អាវុធយុទ្ធភ័ណ្ឌ គ្រាប់ រំសេវនៅរាយគ្រប់ទិសទីលើផ្ទៃប្រទេស ទម្លាប់នៃការរស់នៅដោយគ្មានច្បាប់ និងការឆ្លៀតឱកាសរបស់ពួកជនទុច្ចរិត ដើម្បីរួមចំណែកការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្រ្កាបបទល្មើស រាជរដ្ឋាភិបាលបានប្រគល់តួនាទី ភារកិច្ច និងពង្រីកក្របខណ្ឌទទួលខុសត្រូវ ដោយបានកំណត់យ៉ាងច្បាស់អំពីបេសកកម្មរបស់កងរាជអាវុធហត្ថ ដែលមានចែងក្នុងអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៤ និងបានធ្វើការកែសម្រួលដោយអនុក្រឹត្យលេខ៧៧ អនក្រ ស្តីពីភារកិច្ចនិងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ។ អនុក្រឹត្យលេខ៧៧ បានបញ្ញត្តិយ៉ាងច្បាស់អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថដូចមានចែងក្នុងមាត្រា៣និងមាត្រា៤ “កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាព ក្នុងកិច្ចអនុវត្តច្បាប់ កងរាជអាវុធហត្ថ មានសកម្មភាពផ្នែកប៉ូលិសដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ពផង។ កងរាជអាវុធហត្ថមានភារកិច្ចរ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល ប៉ូលិសតុលាការ បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការជាចាំបាច់”។ ក្នុងកំលុងឆ្នាំ១៩៩៩ បន្ទាប់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ​ត្រូវបានធ្វើកំណែទម្រង់​ក្របខណ្ឌចាត់តាំង រចនាសម្ពន្ធជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដើម្បីធានាប្រសិទ្ធភាពក្នុង​ការគ្រប់គ្រងដឹកនាំបញ្ជា ទទួលខុសត្រូវចំពោះមុខនាទី ភារកិច្ច និងក្នុងគោលបំណងជំរុញឱ្យនាយទាហាននៃកងរាជអាវុធហត្ថ បំពេញភារកិច្ចរបស់ខ្លួនកាន់តែសុក្រឹត ហើយទទួលបានលទ្ធផលល្អ​ប្រសើរ។
នៅក្នុងកងរាជអាវុធហត្ថ ការអភិវឌ្ឍធនធានមនុស្ស កើតមានឡើងជាទៀងទាត់តាមផែនការការងារ ដោយមិនចាំកាលៈទេសៈឡើយ ព្រោះអង្គភាពមានគោលបំណងធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ មានសមត្ថភាពសមស្របទៅនឹងសេចក្តីត្រូវការនៃប្រតិបត្តិការ សមស្របទៅនឹងការវិវឌ្ឍរបស់សង្គម ដោយការកំចាត់ចោលភាពអសកម្ម និងកំហុសឱ្យនៅតិចបំផុត។ ទស្សនៈមួយឃ្លាលើកឡើងថា “អ្វីៗអាស្រ័យលើមនុស្ស” ទោះបីអង្គភាពមួយមានមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ទំនើបទាន់សម័យ សម្បូរបែបយ៉ាងណាក៏ដោយ ប្រសិនបើមានមនុស្សសុទ្ធតែមិនបានការ វាដូចជាគ្មានរបស់ទាំងអស់នោះអញ្ចឹងដែរ។ យោងតាមទស្សនៈខាងលើ កងរាជអាវុធហត្ថបានចាត់ទុកថាការបណ្តុះបណ្តាលធនធានមនុស្សជារឿងសំខាន់។ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ហើយចេះប្រើប្រាស់មនុស្សបានគ្រប់គ្រាន់ ត្រឹមត្រូវតាមជំនាញ តាមកាលៈទេសៈ និងពេលវេលា ស្របនឹងពាក្យស្លោកមួយឃ្លាពោលថា “កោងធ្វើកង់ ត្រង់ធ្វើកាំ ច្រងែងច្រង៉ាងធ្វើអុសដុត”។
ការជ្រើសរើសកម្លាំងថ្មីនាពេលនេះ ដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថដែលពលី មរណៈ ចូលនិវត្តន៍ និងបាត់បង់សមត្ថភាពជាដើម។ ការជ្រើសរើសកម្លាំងថ្មី ផ្អែកលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣១ សសរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្តីពីការជ្រើសរើសពលទាហាន និងយោងប្រកាសរបស់ក្រសួងការពារជាតិលេខ០២៨/ប្រក២០១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការជ្រើសរើសនិងហ្វឹកហ្វឺននាយទាហានរង។ ជាមួយគ្នានេះដែរ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចេញសេចក្តីសម្រេចលេខ៥៤/២០១៦ ស្តីពីការបង្កើតអនុគណៈកម្មការជ្រើសរើសនាយទាហានរងនៃកងរាជអាវុធហត្ថ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។ ការជ្រើសរើសនេះ ត្រូវបានប្រកាសជាសាធារណៈនិងមានការផ្សព្វផ្សាយតាមសារព័ត៌នានា ដូចសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការជ្រើសរើសនាយទាហានរងនៃកងរាជអាវុធហត្ថ លេខ០៥/២០១៦ សជណ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។ ការជ្រើសរើស នឹងត្រូវបានធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំង២៥ រាជធានី ខេត្ត ទៅតាមលក្ខណៈសម្បត្តិ៦យ៉ាង ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងដូចជា៖ ១-មានសញ្ជាតិខ្មែរ (ភេទប្រុសនៅលីវ) ២-មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣-មានកាយសម្បទាគ្រប់គ្រាន់និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤-មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពើល្មើសផ្សេងៗ ៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ៦-មានកម្ពស់ចាប់ពី១,៧០ម៉ែត្រ (មួយម៉ែត្រចិតសិប) ឡើងទៅ។ ចំពោះយុវជន សិស្ស និស្សិតដែលមានដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ អញ្ជើញទំនាក់ទំនងយកឯកសារដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ យុវជន សិស្ស និស្សិតដែលមានលក្ខណៈសម្បត្តិដូចមានចែងក្នុងចំណុចទាំង៦នៃសេចក្តីជូនដំណឹងហើយ ត្រូវបានពិនិត្យសុខភាព ប្រឡងសមត្ថភាពតាមដំណាក់កាលដូចជា សរសេរតាមអាន រត់ប្រណាំង អាវ៉ង់ ដូមីនូ…។ ដូច្នេះយើងត្រូវតែខិតខំរៀនសូត្រហ្វឹកហ្វឹនកម្លាំងកាយ ដើម្បីប្រឡងការសរសេរតាមអាន និងពង្រឹងកាយសម្បទារបស់ខ្លួនតាមរយៈលេងកីឡាជាដើម។
កម្លាំងដែលជ្រើសរើសសុទ្ធតែត្រូវបានហ្វឹកហ្វឺនរៀនសូត្រនៅសាលាកងរាជអាវុធហត្ថមុននឹងឱ្យចូលមកបម្រើការងារ ជាពិសេសពេលបញ្ចប់វគ្គហ្វឹកហ្វឺនរៀនសូត្រត្រូវធ្វើការប្រឡងនិងដំឡើងឋានន្តរសក្តិជាព្រឹន្ទបាលឯក ដល់កម្មសិក្សាការីដែលបានប្រឡងជាប់ជាស្ថាពរ ដោយឡែកចំពោះកម្មសិក្សាការីណាដែលប្រឡងធ្លាក់ មិនត្រូវបានដំឡើងឋានន្តរសក្តិឡើយ។
GRK News បានជួបសម្ភាសន៍ជាមួយយោធិនទាំងពីរភេទនៃកងរាជអាវុធហត្ថ ជំនាន់៣៩ ជំនាន់៤០ និងជំនាន់៤១ ដែលពួកគាត់បានបម្រើការងារក្នុងកងរាជអាវុធហត្ថក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលកន្លងទៅ។ អាវុធហត្ថភាគច្រើនគាត់បានប្រាប់ថា នៅពេលដែលគាត់ក្លាយខ្លួនជាអាវុធហត្ថ គាត់ទទួលបានដូចជា៖ ១-ជីវភាពរស់នៅប្រសើរជាងមុន ២-មានកិត្តិយសនៅក្នុងគ្រួសារ ៣-មានតម្លៃក្នុងសង្គម ៤-មានការរាប់អានច្រើន…។
ដូចបានរៀបរាប់ខាងលើ អាវុធហត្ថម្នាក់ៗបានដឹងច្បាស់ហើយអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាអាវុធហត្ថ ហើយក៏បានយល់ច្បាប់ដែរក្នុងនាមជាប្រជាពលរដ្ឋមួយរូបមានសិទ្ធិនិងករណីយកិច្ចយ៉ាងដូចម្តេចខ្លះ? ដូច្នេះ ដើម្បីក្លាយខ្លួនជាអាវុធហត្ថគំរូ ឬឆ្នើម ឬមានស្នាដៃល្អ ឬមានវិន័យល្អ យើងត្រូវកសាងខ្លួនយ៉ាងដូចម្តេច?
មនុស្សម្នាក់ៗកើតមកមានបុគ្គលិកលក្ខណៈពីធម្មជាតិផ្សេងៗពីគ្នា និងខ្លះទៀតក៏អាចដូចគ្នា ឬក៏ស្រដៀងគ្នាផងដែរ។ ពាក្យ “មនុស្ស ជានាម ពន្យល់ថា ជនអ្នកដឹងការខុសត្រូវ” (វចនានុក្រម សម្តេចសង្ឍរាជ ជួន ណាត)។ មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានភាពជោគជ័យក្នុងជីវិត ហើយអ្វីដែលអាចធ្វើឱ្យជោគជ័យគឺ “ការងារ”។ ការងារគឺជាកាតព្វកិច្ចដែលត្រូវធ្វើរៀងៗខ្លួន គ្មាននរណាម្នាក់មិនធ្វើការងារ ហើយជោគជ័យនោះតែ។ គោលបំណងសំខាន់នៃការធ្វើការងារដែលមនុស្សទូទៅចង់បានគឺ សម្ភារៈ ប្រាក់កាស ផ្ទះសម្បែង កិត្តិយស ឋានៈ តួនាទី តំណែង…។ល។
ការងារគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន ត្រូវការ និងតាមស្វែងរក ហើយឱកាសនៃភាពជោគជ័យចំពោះការងារក៏តែងបើកទ្វារចំហរង់ចាំមនុស្សគ្រប់រូបនិងគ្រប់វិនាទី។ ប៉ុន្តែ យើងឃើញថា អ្នកជោគជ័យក្នុងការងារនៅមានចំនួនតិចតួចនៅឡើយ តើមកពីមូលហេតុអ្វី? គ្រប់លទ្ធផលនៃអំពើរបស់យើង សុទ្ធតែកើតចេញពីការបញ្ចេញសកម្មភាព តែគ្រប់សកម្ម-ភាពមិនប្រាកដថា ទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ ប្រសិនបើសកម្មភាពនោះ ខ្វះការយល់ដឹង។ ការធ្វើការងារខ្លះការយល់ដឹង ប្រៀបដូចជាដើរដោយវង្វេងផ្លូវ ទោះជាដើរដោយចំណាយកម្លាំងកាយ និងពេលវេលាដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមិនឆ្ងាយពីទីចាប់ផ្តើមប៉ុន្មានឡើយ។ ការធ្វើការងារដោយដឹងផ្លូវ ដឹងវិធី ដឹងរបៀប ដឹងគន្លឹះ ដឹងរូបមន្ត មួយឆ្នាំប្រសើរជាងយើងធ្វើការងារ តាមយថាកម្មអស់មួយជីវិត។ អ្វីដែលលើកឡើងនៅពេលនេះ គឺចង់ចែករំលែកដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថអំពី វិធី របៀប គន្លឹះ រូបមន្ត យុទ្ធសាស្ត្រ ដែលចាប់ផ្តើមធ្វើការងារដ៏ត្រឹមត្រូវ និងប្រាប់អំពី គោលដៅដែលយើងត្រូវទៅ ផ្លូវដែលយើងត្រូវដើរ ទង្វើដែលត្រូវជៀសវាង និងវិធីសាស្ត្រដែលត្រូវអនុវត្ត ដើម្បីឱ្យដំណើរនៃសកម្មភាពការងាររបស់យើងបានជោគជ័យ។ សូមជម្រាបជូនដូចខាងក្រោម៖
–ផែនការការងារត្រឹមត្រូវ៖ ១-រៀបចំការងារប្រចាំថ្ងៃ, ២-បង្កើតបញ្ជីការងារដែលត្រូវបំពេញ, ៣-បង្កើតឱ្យមានរបៀបរៀបរយនៅកន្លែងធ្វើការ និង៤-ធ្វើការរំឮកវាឡើងវិញ។
–ត្រូវមានឆន្ទៈចំពោះការងារ៖ ឆន្ទៈមានន័យថា ការពេញចិត្ត សេចក្តីប្រាថ្នា ចំណង់។ មានឆន្ទៈការងារមានន័យថាគឺ ផ្ចង់ចិត្តដិតអារម្មណ៍ជាមួយនឹងការងារ។ មនុស្សដែលមានការពេញចិត្តក្នុងការងារ ពេលណាក៏នឹកឃើញតែការងារ ធ្វើអ្វីក៏នឹកឃើញតែការងារ។ ចំណែកមនុស្សដែលគ្មានឆន្ទៈក្នុងការងារតែងតែរកលេសផ្សេងៗដូចជា គាត់និយាយថា ចាំនេះ ចាំនោះ ភ្លេចនេះ ភ្លេចនោះ…គឺមានមូលហេតុជាច្រើន។
–ការយកចិត្តទុកដាក់ចំពោះការងារ៖ មានន័យថា យកចិត្ត ឬយកបេះដូងរបស់យើងទៅដាក់លើការងារដែលយើងកំពុងធ្វើ។ ជាទូទៅ មនុស្សឱ្យតម្លៃលើអ្វីមួយទៅតាមទំហំទឹកប្រាក់។ មនុស្សដែលបរាជ័យនៅក្នុងការងារ មិនមែនមកពីគាត់គ្មានសមត្ថភាពក្នុងការធ្វើការងារនោះទេ ប៉ុន្តែមកពីគាត់មិនយកចិត្តទុកដាក់ក្នុងការធ្វើការងារនោះឱ្យបានហ្មត់ចត់។ គាត់គិតថា៖ ការងារហ្នឹងអត់សំខាន់, ការងារហ្នឹងអត់តម្លៃ, ការងារហ្នឹងតូចតាច, ការងារហ្នឹងឋានៈទាប, ការងារហ្នឹងមិនត្រូវចំណង់ចំណូលចិត្តរបស់ខ្លួន, ការងារហ្នឹងខុសជំនាញ…។
–ភាពស្មោះត្រង់៖ មានន័យថា យើងធ្វើឱ្យត្រឹមត្រូវទៀងទាត់ទៀងត្រង់ មិនកេងប្រវ័ញ្ចទាំងទ្រព្យសម្បត្តិ ទាំងពេលវេលា ទាំងគុណភាពការងារ។ អាវុធហត្ថគ្រប់រូបដែលបានបម្រើការងារត្រូវមានទឹកចិត្តស្មោះត្រង់ ភក្តីចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដូចមានចែងក្នុងលក្ខន្តិកៈនិងបទវិន័យសម្រាប់កងយោធពលខេមរភូមិន្ទ។
–ត្រូវតស៊ូ ព្យាយាម ខិតខំប្រឹងប្រែង៖ គ្រប់ការងារការចាប់ផ្តើមដំបូង គឺតែងតែជួបការលំបាក ជួបឧបសគ្គ ជួបបញ្ហា ពីព្រោះវាមិនទាន់ស៊ាំ មិនទាន់រលូន ដូច្នេះវាទាមទារឱ្យយើងមានការតស៊ូព្យាយាម ខិតខំប្រឹងប្រែងជម្នះនូវបញ្ហាទាំងអស់នេះ។ មនុស្សដែលរឹងមាំ គឺជាមនុស្សដែលធ្វើទៅទោះជួបបញ្ហា ជួបការលំបាក ជួបឧបសគ្គដ៏ធំប៉ុនណា មករារាំងក៏ដោយ ក៏នៅតែអាចតស៊ូ អត់ធ្មត់ ទប់ទល់នឹងស្ថានភាពទាំងនោះបាន។
–ការប្រកាន់ខ្ចាប់វិន័យ៖ មានន័យថា ការធ្វើតាម ការអនុវត្តតាមបទបញ្ជាក្រឹត្យក្រម ក្នុងគោលបំណង ដើម្បីរក្សាសាមគ្គីនិងភាពស្មោះត្រង់រវាងថ្នាក់លើនិងអ្នកក្រោមឱវាទ លើកកម្ពស់ស្ថានភាពការងារ ប្រតិបត្តិតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដើម្បីធានាដល់ភាពជោគជ័យរបស់អង្គភាព។ ការមានវិន័យធ្វើឱ្យយើងមានសីលធម៌ល្អ ក្លាយជាអាវុធហត្ថល្អ និងមានកេរ្តិ៍ឈ្មោះល្អ។
–ក្លាហាន៖ មានន័យថា ហ៊ានធ្វើអ្វីមួយ ហ៊ានធ្វើអ្វីធំៗខ្ពស់ ហ៊ានធ្វើអ្វីដែលគេមិនហ៊ានធ្វើ ហ៊ានធ្វើអ្វីដែលអ្នកដទៃគិតមិនឃើញ ហ៊ានគិតស្រមើស្រមៃចង់បានអ្វីដែលខ្លួនពេញចិត្ត ទោះធំ ឬខ្ពស់យ៉ាងណាក៏ដោយ។ ជនក្លាហាន គឺជាជននិយាយអ្វីដែលត្រឹមត្រូវ តាមពេលវេលាត្រឹមត្រូវតាមកាលៈទេសៈ។ ហ៊ាននិយាយការពិតមិនប៉ះសិទ្ធិអ្នកដទៃ មិនបំផ្លើសការពិតមិននិយាយកាន់ជើង ឬលម្អៀងទៅខាងណាមួយ។ មនុស្សក្លាហានត្រូវហ៊ានប្រឈមមុខជាមួយបញ្ហា ពីព្រោះបើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយ បើមិនមានដំណោះស្រាយក៏មិនមានបទពិសោធន៍ បើមិនមានបទពិសោធន៍ ក៏មិនមានលទ្ធផល។
ទន្ទឹមនឹងនេះដែរ ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនអស់ពីកម្លាំងកាយ កម្លាំងចិត្តដោយឆន្ទៈមោះមុត និងសេចក្តីក្លាហាន កងរាជអាវុធហត្ថអាចនឹងទទួលរងនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ ធ្វើឱ្យប៉ះពាល់ដល់រាងកាយ សុខភាព ឬអាចបាត់បង់អាយុជីវិតទៀតផង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់នូវគោលនយោបាយនេះដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាច្រើនដូចជា ច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បងសមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីការអនុវត្តន៍របបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីពទាំងពីរភេទនៃកងយោធពលខេមរភូមិន្ទ, ប្រកាសស្តីពីការណែនាំអនុវត្តរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីពទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ, សារាចរណែនាំអន្តរក្រសួងស្តីពីការអនុវត្តន៍អនុក្រឹត្យលេខ០៨ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ…។
ដោយផ្អែកលើកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងរាជអាវុធហត្ថដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឧបត្ថម្ភថវិកាដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថពលី មរណៈ របួសធ្ងន់ ឈឺធ្ងន់ ចូលនិវត្តន៍ ឬជួបការលំបាកជាប្រចាំ។
ដូចការធ្វើបទបង្ហាញខាងលើ យុវជន សិស្ស និសិត្ស ដែលមានបំណងចូលបម្រើការងារក្នុងកងរាជអាវុធហត្ថអាចយល់ជ្រួតជ្រាបហើយ ហេតុដូចនេះត្រូវពិចារណានិងសម្រេចចិត្តឱ្យបានច្បាស់។ (ធ្វើបទបង្ហាញដោយឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ អហផទ)

DSC_0577

IMG_5842

IMG_5866

DSC_1430

DSC_1396

DSC_1367

DSC_1370

DSC_1408

unna;lou8umed

unnalouy9med

unnamlky8yed

unnad[pofiewmed

unnamlirfued