You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍

ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ លោកឧត្ដមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នគ្រូបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ និងប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់ ។
លោក ឧត្តមសេនីយ៍ទោ ស សំបូរធន បានឱ្យដឹងថា៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា ឱ្យរូបលោក ធ្វើជាអធិបតីក្នុងពិធីនេះ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ដល់នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីនេះបានយ៉ាងល្អ ។ លោកឧត្តមសេនីយ៍ នាយសេនាធិការបានបន្តថា បញ្ហាសន្តិសុខ ជាជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោនរបស់រាជរដ្ឋាភិបាលកម្ពុជា និងចាត់ទុកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាកត្តាមួយដ៏សំខាន់ និងមានឥទ្ធិពលដល់បញ្ហាផ្សេងៗទៀត ពិសេសគឺការស្តានិងអភិវឌ្ឍន៍សង្គម ។ ដោយហេតុនេះហើយកងរាជអាវុធហត្ថតែងតែជម្នះនូវរាល់ការលំបាក ដើម្បីរួមចំណែកពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ពិសេសចូលរួមបង្ក្រាបបទល្មើសព្រហ្មទណ្ឌដែលកើតមាន ដូចជាការចាប់ជំរិតទាប្រាក់, អំពើមនុស្សឃាត, ចោរប្លន់, ចោរកម្ម, ការប្រើប្រាស់អាវុធខុសច្បាប់, បង្ក្រាបការជួញដូរឬប្រើប្រាស់គ្រឿងញៀន, បង្ក្រាបបទល្មើសព្រៃឈើ, បទល្មើសត្វព្រៃ, បទល្មើសធនធានធម្មជាតិ, ការរុកទន្ទ្រានដីដោយខុសច្បាប់, បទល្មើសនេសាទ និងបង្ក្រាបការគេចពន្ធគយជាដើម។ល។ ទន្ទឹមនឹងនោះកម្លាំងអាវុធហត្ថបានចូលរួមក្នុងការអនុវត្តសាលដីកា សាលក្រមតុលាការគ្រប់ជាន់ថ្នាក់ផងដែរ។
លោក ឧត្តមសេនីយ៍ទោ បានបន្តថា៖ ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយដើម្បីជៀសវាងការមានកំហុសឆ្គង ដើម្បីដើរឱ្យទាន់របថនៃសង្គមនាពេលបច្ចុប្បន្ន និងត្រៀមបម្រុងសម្រាប់អនាគតផងដែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ កងរាជអាវុធហត្ថ ក៏ដូចជាការប្រើប្រាស់ឱ្យមានប្រសិទ្ធិភាព មានវិជ្ជាជីវៈ និងចំគោលដៅ ងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ដែលជាចក្ខុវិស័យរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស សំបូរធន បានដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួនដើម្បីឱ្យវគ្គសិក្សានេះមានប្រសិទ្ធភាពខ្ពស់៖
១.ត្រូវរៀបចំបង្កើតគណៈគ្រប់គ្រងវគ្គ ហើយគណៈគ្រប់គ្រងវគ្គនេះធ្វើជាសេនាធិការឱ្យនាយកមជ្ឈមណ្ឌល រាល់ការងារដែលពាក់ព័ន្ធជាមួយដំណើរការនៃវគ្គសិក្សា។
២.ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសិក្ខាកាមឱ្យបានម៉ឺងម៉ាត់ លើការងាររៀនសូត្រ ហ្វឹកហ្វឺន ការសុំអនុញ្ញាតច្បាប់ ការគោរពវិន័យ ការស្លៀកពាក់ និងការស្នាក់នៅហូបចុករបស់សិក្ខាកាម។
៣.ត្រូវយកចិត្តទុកដាក់លើកការងារផ្ទះបាយ និងត្រូវធ្វើការប្រកាសរបបសេដ្ឋកិច្ចជាចំហរ។
៤.ត្រូវមានរបាយការណ៍ចំនួនទ័ព និងរបាយការណ៍ហ្វឹកហ្វឺនប្រចាំថ្ងៃ និងរាយការណ៍ឱ្យបានទៀងទាត់តាមឋានានុក្រម។
៥.ត្រូវបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ស្តីពីការងារហ្វឹកហ្វឺន ។
៦.ត្រូវបំពេញភារកិច្ចតាមឋានានុក្រម។
៧.ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ។
៨.ត្រូវប្រជុំជាប្រចាំដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ។
៩.ពិនិត្យតាមដានរាល់ការបង្រៀនរបស់យោធាចារ្យ។
ចុងក្រោយលោក ឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវខិតខំយកចិត្តទុដាក់រៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញ និងសិក្សាអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា មានសាមគ្គីភាព ផ្តល់បទពិសោធគ្នាទៅវិញទៅមក មិនត្រូវដើរហើដោយគ្មានការអនុញ្ញាតពីនាយកមជ្ឈមណ្ឌល និងរស់នៅហូបចុកស្លៀកពាក់ស្អាត។