ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ នូវ ខួច ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ រួមទាំងដកហូតបានវត្ថុតាងមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ។
ក្រោយពីសាកសួរជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ កងរាជអាវុធហត្ថស្រុក និងមានការសម្របសម្រួលនីតិវិធីពី លោក សេង ម៉េងស៊្រុន ព្រះរាជអាជ្ញារង ក៏បានបន្តឆែកឆេរផ្ទះជួល ក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១. ឈ្មោះ សៅ រីណា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ឃុន ស្រីទូច ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបំរើខារ៉ាអូខេ អ្នកទាំងពីររស់នៅភូមិឃុំខាងលើ រួមទាំងដកហូតបានវត្ថុតាងមួយចំនួនមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, លុយរៀលចំនួន ១៣០.០០០រៀល, កាបូបតូច ០១, សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី។