កណ្តាល: ប្រជាពលរដ្ធប្រមាណជិតចំនួន១០០នាក់បានពុលអាហារនៅគ្រាដែលជនរងគ្រោះចូលរួមក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីកាល ពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិពពាលខែ១ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់GRK News ថា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦
អ្នកភូមិបានទៅចូលរួមក្នុងពិធីមង្គលការរបស់កូនលោកឈ្មោះ សរ សិដ្ឋ អាយុ៤៨ឆ្នាំ និងប្រពន្ធមានឈ្មោះ សឿន ។ បន្ទាប់ពីពិសារអាហាររួចហើយភ្ញៀវទាំងអស់បានត្រឡប់ទៅផ្ទះរៀងៗខ្លួន លុះដល់វេលារំលងអធ្រាត្រថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្រាប់តែអ្នកដែលទៅចូលរួមមង្គលការមានអាការៈក្អួតចង្អោរចុកពោះទ្រាំមិនបាននាំគ្នារត់មករកគ្រូពេទ្យទាំងយប់ ។ ក្រោយពីធ្វើការសាកសួរពីមូលហេតុនៃអាការៈជម្ងឺទើបដឹងថា ពុលអាហារក្នុងពិធីមង្គលការ តែមិនដឹងពុលមុខម្ហូបអ្វីនោះទេ បើតាមការៀបរាប់របស់ជនរងគ្រោះអាចពុលម្ហូប «ញាំ» ដោយសារតែចុងភៅកេងចំណេញជ្រុលប្រើប្រាស់បង្គាអន់សាច់ និងបន្លែមានជាតិគីមី ។
ប្រជាពលរដ្ឋចំនួន៩៥នាក់បានរងគ្រោះដោយការពុលម្ហូបអាហារហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅព្យាបាលដល់ផ្ទះ អ្នកខ្លះទៀតបានមកព្យាបាលនៅមណ្ឌលសុខភាព ដោយឡែកអ្នកដែលមានអាការៈធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកកៀនស្វាយ ។
នេះគ្រាន់តែជាអ្នករងគ្រោះនៅឃុំដីឥដ្ឋប៉ុណ្ណោះ ចំណែកភ្ញៀវផ្សេងទៀតដែលមកពីកន្លែងផ្សេងដើម្បីចូលរួមក្នុងពិធីមង្គលការមិនដឹងថា យ៉ាងម៉េចនោះទេ ។ មកដល់ពេលនេះជនរងគ្រោះទាំងអស់បានធូស្រាយហើយ៕