ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន សាធារណជនដែលបានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ពាណិជ្ជនាម និយាយជារួមគឺសម្លៀកបំពាក់ក្លែងក្លាយរូបសញ្ញាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ។
ជាបឋមខ្ញុំបាទសូមអរគុណចំពោះមតិយោបល់របស់បងប្អូន សាធារណជនទាំងអស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថ នាពេលកន្លងទៅ ខ្ញុំបាទសុំទទួលយកនូវមតិយោបល់ទាំងនេះ។
សូមបងប្អូនមេត្តាពិចារណាមើលបន្តិចថា បើយើងយកសម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែកអំណោយជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ច ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រនូវផលិតផលក្លែងក្លាយនោះ។
ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន២.៤៥៣កំប៉្លេ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន សាធារណជនមេត្តាជ្រាបជាព័ត៌មាន។ បើបងប្អូន សាធារណជន មិនទាន់យល់អាចសួរមកយើងខ្ញុំបានគ្រប់ពេលវេលា។
សូមបងប្អូន សាធារណជនទទួលនូវការគោរពនិងសេចក្តីរាប់អានពីខ្ញុំបាទ។
សូមអរគុណ!