ស្វាយរៀង៖ ព្រឹកចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង ដំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទះមិត្តភាពកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង ឧត្តមសេនីយ៍ត្រី ង្វៀង វាំងណាម មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងលោកស្នងការ ស្នងការរង នាយទាហាន នាយទាហារងរងនៃកងរាជអាវុធហត្ថដែលជាកីឡាករជាច្រើនរូបទៀត។
ការប្រកួតនេះមានចំនួន១២ ក្រុមដែលមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី, ស្នងការនគរបាលខេត្តស្វាយរៀង, តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង, បញ្ជាការដ្ឋានយោធាខេត្តឡុងអាន, ខេត្តតៃនិញ, ខេត្តប៊ិញភឿក, បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ។ ការប្រកួតមានរយៈពេលពីរថ្ងៃគឺថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៩ ដែលចែកចេញជាពីពូលគឺពួលA និងពូលB ដោយចាញ់ធ្លាក់តែម្តងៗ និងបន្ទាប់មកយកលេខ១ និងលេខ២ ពូលទាំងពីរធ្វើការប្រកួតខ្វែងហើយក្រុមដែលឈ្នះត្រូវប្រកួតដណ្តើមលេខមួយនិងលេខពីរតែម្តង។
ថ្លែងក្នុងពិធីនេះលោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានឱ្យដឹងថា តាងនាមលោក នាយឧត្តមសេនីយ៍ សៅ សុខា និងក្នុនាមលោក ឧត្តមសេនីយ៍ផ្ទាល់មានសេចក្តីសោមនសរីករាយដែលបានចូលរូមក្នុងពិធីបើកការប្រកួតជាលក្ខណៈមិត្តភាពនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីអមអរសាទរពិធីជួបជុំជាមិត្តភាពរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងការត្រៀមលក្ខណៈទទួលពរជ័យក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ការប្រកួតបាល់ទះនាពេលនេះគឺធ្វើឡើងស្របទៅតាមស្មារតីនៃពិធីសាររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការជាតិវៀតណាមដែលបានចុះហត្ថលេខានៅទីក្នុងហូជីមិញ និងជាការឆ្លើយតបទៅតាមកាលកំណត់នៃអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ហើយការប្រកួតនេះក៏បង្ហាញពីមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥២ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០១៩។ លោក ឧត្តមសេនីយ៍ឯក បានបន្តថា នេះគឺជាព្រិត្តិការថ្មីមួយទៀតជាប្រវត្តិសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ ពិសេសរបស់កងរាជអាវុធហត្ថលើវិស័យកីឡាបាល់ទះដែលជាប្រភេទកីឡាមានលក្ខណៈជាក្រុមហើយកំពុងពេញនិយមនៅក្នុងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាជនស៊ីវិល យុវជន យុវនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសលើសកលលោក។ ហើយការប្រកួតកីឡានេះគឺជាការជួបជុំរវាងបងប្អូនមិត្តភត្តិសំដៅថែរក្សាសុខភាពដោយក្តីសប្បាយរីករាយផង ហើយក៏ដើម្បីពង្រឹងទំនាក់ទំនងគ្នាជាមិត្តភាព ភាតរភាពឱ្យកាន់តែប្រសើរថែមទៀតផង។ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការរងបានក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលបានអនុញ្ញាតឱ្យប្រារព្ធពិធីនេះឡើង និងសូមថ្លែងអំណរគុណចំពោះប្រតិភូយោធភូមិភាគ៧ ដែលបានអញ្ជើញចូលរួមតាមការណាត់ និងថ្លែងអំណរគុណដល់ក្រុមការងារដែលមានការពាក់ព័ន្ធទាំងអស់ផងដែរ។