រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខធនាគារABA ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មានជនសង្ស័យ០២នាក់ បានឆក់ទូរស័ព្ទពីគូរសង្សារមួយគូមិនបានសម្រេច ត្រូវជាប់ខ្នោះ ។ តាមចម្លើយពីជនសង្ស័យទាំងពីរបានសារភាពថា នៅពេលល្ងាចពួកគេទាំងពីរនាក់ នាំគ្នាអង្គុយផឹកស៊ី នៅម្ដុំភោជនីយដ្ឋានយ៉ាងចូវ ផ្លូវព្រះមុនីវង្ស ។ បន្ទាប់ពីផឹកស៊ីអស់លុយ ក៏បាននាំគ្នាយកកាងម៉ូតូទៅបញ្ចាំបានលុយ ២៥.០០០រៀល ដើម្បីយកមកទិញស្រាផឹកបន្ត ពេលជិះម៉ូតូតាមផ្លូវ ខាងមុខសាលា ACE ក៏បានឃើញក្មេងស្រីម្នាក់កាន់ទូរសព្ទ័ ហើយបែកគំនិតប្រុងឆក់ តែម្នាក់ទៀតមិនហ៊ាន ស្របពេលដែលម៉ូតូឌុប ជិះបាំងពីមុខផងក៏ធ្វើដំណើរហួសទៅ ។
នៅពេលដែលរូបគេទាំងពីរនាក់ធ្វើដំណើរដល់ផ្លូវព្រះមុនីវង្ស ក៏បានឃើញប្រុសម្នាក់ស្រីម្នាក់ឈរក្បែរគ្នា ហើយខាងស្រីបានដកទូរស័ព្ទម៉ាក Iphone មកចុច ពួកគេឃើញឳកាសល្អ ក៏បាននាំគ្នាធ្វើសកម្មភាពឆក់បានសម្រេចតែម្ដង ។ ក្រោយពេលឆក់ទូរស័ព្ទបានពួកគេ ក៏បានបើកម៉ូតូរត់គេចមកដល់ផ្លូវ៩៣ កែងនឹងផ្លូវ២១៤ តែដោយសារស្ទះផ្លូវខ្លាំងពេក ឃើញសភាពដូចនោះប្រជាពលរដ្ឋ ស្រែកថាចោរៗ ស្របពេលដែលកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ បានជិះដេញតាមពួកគេ ហើយពួកគេភ័យខ្លាំងពេកបណ្ដាលឲ្យទាក់ដៃចង្កូតម៉ូតូផ្សេងទៀតដួល ក៏សមត្ថកិច្ចសង្កាត់បឹងព្រលឹតចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចត្រូវជាប់ក្នុងកណ្ដាប់ដៃកងរាជអាវុធហត្ថខណ្ឌ៧ មករា ។
ជនសង្ស័យទាំងពីរនាក់ទី១.ឈ្មោះ គួច សៀវភីង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក នៅសណ្ឋាគារធីហាវ ផ្នែកសំអាត មានទីលំនៅ ផ្ទះលេខ១៥០អឺសូន្យ ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ០២.ឈ្មោះ ផុន ចាន់ធូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅម្ដុំសង់លីហ្សេ ខណ្ឌចំការមន ។ វត្ថុតាងដកហូត មាន ម៉ូតូ០១ គ្រឿងម៉ាកSuzuki Lets ពណ៌ស បិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ-6214 ។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទមិនដាក់ពាក្យបណ្ដឹងទេ ជនសង្ស័យទាំងពីរត្រូវកម្លាំងអាវុធហត្ថបញ្ជូនបន្តទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕