You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា៖ កាដូរឆ្នាំកុរ កងរាជអាវុធហត្ថខេត្តកណ្តាលយ៉ាងច្រើនកុះករ បរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស

ឧត្តមសេនីយ៍ត្រី សំ តុលា៖ កាដូរឆ្នាំកុរ កងរាជអាវុធហត្ថខេត្តកណ្តាលយ៉ាងច្រើនកុះករ បរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស

កណ្តាល៖ នៅព្រឹកចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។
ពិធីនេះមានការអញ្ជើញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ព្រមទាំងនាយទាហាន នាយរងទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ កងរាជអាវុធហត្ថខេត្តកណ្តាលយ៉ាងច្រើនកុះករ បានមកចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ។ លោកមេបញ្ជាការ បានបន្ថែមថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារ និងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ ។
សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរ នាយ នាយរងអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ និងបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតំរូវការឈាមនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់ផងដែរ ។