បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែមេសា ឆ្នាំ២០១៩ និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០១៩ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់នាយទាហាន ដែលមានស្នាដៃល្អក្នុងការអនុវត្តតួនាទី-ភារកិច្ច ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងនាយទាហាន ជាច្រើនរូប ។ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ និងពិសេស ៖ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ត្រូវរៀបចំផែនការ ដើម្បីត្រៀមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងគ្រប់ទីតាំងដែលប្រារព្ធសង្រ្កានឆ្នាំថ្មី នាពេលខាងមុខ ក្តាប់ឲ្យបាននូវមុខសញ្ញាប្រព្រឹត្តបទល្មើស និងបង្រ្កាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្រ្ត ផ្សព្វផ្សាយប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្សព្វផ្សាយអំពីការប្រើប្រាស់ឯកសណ្ឋានរបស់កងរាជអាវុធហត្ថ ទៅតាមគោលការណ៍ដែលបានកំណត់។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់គ្រប់មន្ទីរ និងបណ្តាមូលដ្ឋានស្រុក/ក្រុង ត្រូវផ្សព្វផ្សាយបន្តដល់កងកម្លាំងក្រោមឱវាទ នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងអង្គប្រជុំនាថ្ងៃនេះផងដែរ ។