កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទទួលជួបសំណេះសំណាលនិងជូនពរពីប្រតិភូខេត្តវិញឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ត្រឹង ហ្វាងទូ អភិបាលរងខេត្តវិញឡុង ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានឱ្យដឹងថា ដោយមានចំណងសាមគ្គីភាព និងសហការណ៍ល្អពីសំណាក់ខេត្តវិញឡុងប្រទេសវៀតណាម និងរដ្ឋបាលខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ ខេត្តយើងទាំងពីរតែងតែត្រូវប្រាស្រ័យទាក់ទងរឹតចំណងសាមគ្គីភាពមិនដែលអាក់ខានឡើយ ។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជការបានរំលឹកថា ខេត្តវិញឡុងតែងតែបានជួយជ្រោមជ្រែងទាំងស្មារតី សម្ភារៈ និងថវិកា មកអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ឯកឧត្តម ត្រឹង ហ្វាងទូ អភិបាលរងខេត្តវិញឡុងមានប្រសាសន៍ថា ថ្ងៃនេះក៏ដូចសព្វមួយដង គឺខេត្តកំពង់ស្ពឺដែលមានមន្ត្រីរាជការតែងបានអញ្ជើញទៅខេត្តវិញឡុងដើម្បីប្រាស្រ័យទាក់ទងការងារ និងដកបទពិសោធន៍ពីគ្នាទៅវីញទៅមក ជាពិសេសជារៀងរាល់ឆ្នាំគណៈប្រតិភូតែងតែអញ្ជើញជូនពរគ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម អភិបាលរងបន្តថាខេត្តវិញឡុង បន្តការគាំទ្រចំពោះកិច្ចការប្រតិបត្តិការ និងសហការណ៍ជាមួយគ្នាកន្លងមក។
ជាមួយគ្នានេះដែរមន្ត្រីទាំងអស់នៃខេត្តវិញឡុងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានោះគណប្រតិភូខេត្តវិញឡុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាពយូរអង្វែងទៅមុខទៀត៕