ស្ទឹងត្រែង៖ ព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយបទបញ្ជា ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា បរិក្ខារួមផ្សំរបស់កងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានសួរសុខទុក្ខ និងចែកអំណោយដល់យោធិនសោធននិវត្តន៍កងរាជអាវុធហត្ថចំនួន ៥នាក់ក្នុងម្នាក់ៗទទួលបាន មុង ១,សារ៉ុង ១, ទឹកក្រូច ១២កំប៉ុង និងថវិកាចំនួន ៥០០០០ រៀលផងដែរ ។