បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយប្រតិភូអមដំណើរ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជូនដល់យុវជនកំពុងបន្សាបសារធាតុញៀន នៅមណ្ឌលកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។ ក្នុងនោះផងដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើបដិសណ្ឋារកិច្ច និងអានរបាយការណ៍សង្ខេបស្វាគមន៍ ជូនគណៈអធិបតី និងប្រតិភូអមដំណើរ ។ ជាកិច្ចបញ្ចប់គណៈអធិបតី បានធ្វើការផ្តាំផ្ញើ និងដាស់ទៀនក្រើនរំលឹកដល់យុវជនកំពុងផ្តាច់សារធាតុញៀន ពេលចេញពីមណ្ឌលត្រឡប់ទៅផ្ទះវិញ ត្រូវកសាងខ្លួនឲ្យសមស្របទៅនឹងទិសស្លោកមួយឃ្លាថា (យុវជនជាទំពាំងស្នងឬស្សី) និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងបានថ្លែងអំណរគុណ ដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គម ព្រមទាំងបានរួមចំណែកក្នុងកិច្ចការសង្គមជាច្រើន ពិសេសគឺការងារអប់រំបន្សាបសារធាតុញៀន ដល់យុវជនដែលជាប់សារធាតុញៀន ។