ភ្នំពេញៈ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ១២ និង១០នាទី កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យបានឃាត់ខ្លួនក្រុមចោរ ស៊ាំមុរ៉ៃ មួយសំបុកមានគ្នា០៧នាក់ នៅចំណុចម្តុំជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ០៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ តាមចម្លើយសារភាពរបស់ក្រុមនេះបានប្រាប់ថាកន្លងមកពួកវាធ្លាប់ធ្វើសកម្មភាពប្រើដាវសាំម៉ូរ៉ៃកាប់ប្លន់ជនរងគ្រោះជាច្រើនលើករាប់មិនអស់មកហើយ ក្នុងនោះ ពួកវាចាំបានច្បាស់តែរយៈពេល០២ខែថ្មីៗនេះចំនួន១១លើកប៉ុណ្ណោះគឺ៖
* លើកទី០១ ក្នុងអំឡុងខែមីនា ដេញកាប់ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌុក ត្រូវ០១ដាវចំឆ្អឹងខ្នង នៅចំណុចទល់មុខណាហ្គា នៅវេលាម៉ោង០៣ទៀបភ្លឺ
* លើកទី០២ ក្នុងអំឡុងខែមេសា ដេញកាប់ជនរងគ្រោះ០២នាក់ជិះម៉ូតូម៉ាកនិច ពណ៌លឿង ត្រូវ៣ដាវ នៅចំណុចទល់មុខក្លឹបវ៉ាវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល២២៖០០នាទី
* លើកទី០៣ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល ២៣៖០០ នាទី ដេញកាប់ជនរងគ្រោះ០២នាក់ជិះម៉ូតូសង់ប៊ិចពណ៌ខៀវ ត្រូវ០១ដាវចំខ្នង នៅចំណុចរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* លើកទី០៤ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល២២៖០០ នាទី ដេញកាប់ជនរងគ្រោះ០២នាក់ជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ត្រូវ០១ដាវចំខ្នង នៅចំណុចផ្សារកាណាស៊ីធី សង្កាត់ចោមចៅ
* លើកទី០៥ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល០១រំលងអធ្រាត ដេញកាប់ជនរងគ្រោះ០២នាក់ជិះម៉ូតូ MSX ត្រូវ៤ដាវចំដៃ នៅចំណុចទល់មុខក្លីនិកឡាំប៊ុនថន សង្កាត់ចោមចៅ
* លើកទី០៦ ក្នុងអំឡុងខែមេសា ២០១៦ ម៉ោងប្រហែល២០៖០០នាទី ដេញកាប់ជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាក Dream C125 ត្រូវ០១ដាវចំខ្នង នៅចំណុចផ្លូវកប់ស្រូវ
* លើកទី០៧ ដេញកាប់ជនរងគ្រោះម្នាក់ត្រូវ៣ដាវ នៅចំណុចភូមិស្រែអំពិល
* លើកទី០៨ អំឡុងចុងខែមេសា ២០១៦ ដេញកាប់ជនរងគ្រោះមានគ្នា០៤នាក់ជិះម៉ូតូម៉ាក MSX និង C125 ត្រូវ០១ដាវ នៅចំណុចទល់មុខខារ៉ាអូខេជម្ពូវ័ន្ត សង្កាត់ចោមចៅ
* លើកទី០៩ អំឡុងចុងខែមេសា ២០១៦ ម៉ោងប្រហែល០២រំលងអធ្រាត ដេញកាប់ជនរងគ្រោះចំនួន០៧នាក់ត្រូវ៣ដាវ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង
* លើកទី១០ ថ្ងៃទី ០៧-ឧសភា-២០១៦ ម៉ោងប្រហែល១៩៖០០នាទី ដេញកាប់ជនរងគ្រោះចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក TODAY ត្រូវ៥ដាវ នៅមុខផ្សារជម្ពូវ៍័ន្ត
* លើកទី១១ ថៃ្ងទី ១០-ឧសភា-២០១៦ ដេញកាប់ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីម C125 ត្រូវ០១ដាវ នៅចំណុចវត្តពោធិ៍ ខណ្ឌពោធិ៍សែនជ័យ
មុនពេលធ្វើសកម្មភាពម្តងៗក្រុមវាតែងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនជាមុនសិន ហើយក្រោមពេលធ្វើសកម្មភាពរួច ពួកវាយករបស់ដែលប្លន់បានលក់យកលុយចែកគ្នាជក់គ្រឿងញៀនជាបន្តទៀត។ ជាក់ស្តែងក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្រុមនេះ បានធ្វើតេស្តឃើញថាពួកវាមានជាប់សារធាតុញៀនគ្រប់គ្នា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់៕
