ភ្នំពេញ៖ នៅថ្ងៃទី២១ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការសហការពីស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, កណ្តាល, កំពង់ចាម, កំពង់ឆ្នាំង បានឃាត់ខ្លួន ឈ្មោះ ឃួន សុវណ្ណ ជាឧត្តមសេនីយ៍ត្រី នាយករងអធិការកិច្ច អគ្គបញ្ជាការ និងអ្នកស្រី ប៉ុន ស៊ីណាត ហៅទ្រី ណាត ដែលជាមេក្លោងក្នុងការឆរបោក និងជ្រើសរើសកម្លាំងប្រដាប់អាវុធខុសច្បាប់ ប្រព្រឹត្តិនៅខេត្តកំពង់ធំ ពួកគេគឺជាមុខសញ្ញាចាស់ មានបទពិសោធន៍ក្នុងការឆបោកប្រជាពលរដ្ឋ។ ពួកគេធ្វើសកម្មភាពអស់រយៈពេល៨ខែមកនេះ មានជនរងគ្រោះដែលជាប្រជាពលរដ្ឋប្រហែល៣០នាក់ និងបាត់បង់ថវិការាប់សិបម៉ឺនដូល្លា ហើយមានប្រជាពលរដ្ឋចំនួន២១នាក់មកប្តឹងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខបានចុះបង្រ្កាបទាន់ពេលវេលា។