ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំបូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំបូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។
បន្ទាប់ពីលោក វរសេនីយ៍ទោ សោម វណ្ឌី នាយរងសេនាធិការដ្ឋាន បានឡើងអានរបាយការណ៍បូកសរុបស្ដីពីកិច្ចការពារសន្ដិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចមក លោកឧត្ដមសេនីយ៍ សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ទិសដៅបន្ត៖
១.បញ្ហាប្រឡងប្រណាំងក្នុងអង្គរភាព
២.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងៗ
៣.ត្រៀមកម្លាំងជួយសង្រ្គោះប្រជាជននៅពេលជួបបញ្ហាអ្វីមួយដោយយថាហេតុ
៤.ពង្រឹងការងារកសាងអង្គរភាពបន្ថែម និងការថែទាំ
៥.ពង្រឹងបន្ថែមការងារផ្ទៃក្នុង
៦.យកចិត្តទុកដាក់គ្រប់គ្រងទ័ព
៧.មិនត្រូវធ្វើការងារឱ្យលើសពីជំនាញកងរាជអាវុធហត្ថ
៨.បន្តការងារអប់រំចិត្តសាស្រ្តដល់នាយទាហាន នាយទាហានរង គ្រប់លំដាប់ថ្នាក់
៩.បន្តទប់ស្កាត់បទល្មើសផ្សេងៗ
ជាទីបញ្ចប់លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុណ និងកោតសសើរចំពោះនាយទាហាន នាយទាហានរងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដាគោលដៅរៀងៗខ្លួនក្នុងពេលកន្លងមក និងជូនពរដល់កងកម្លាំងទាំងអស់ឱ្យជួបតែសេចក្ដីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕