កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ឡាច សុខន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគីរី ដែលទទួលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៩ម៉ែត្រ គុណនឹង ១៤ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម (ខូចខាតទាំងស្រុង) ក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ក៏បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនរបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងនាយ នាយរងអាវុធទូទាំងខេត្ត ប្រគល់ជូនផងដែរ។
អំណោយរួមមាន៖ ថវិកាចំនួន ៥,០០០,០០០រៀល, អង្ករ ១០០គីឡូក្រាម, ទឹកបរិសុទ្ធ ១០យួរ, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០១យួរ, ទឹកសីអ៊ីវ ០១យួរ, ចានបាយ ០១ឡូ, ចានសម្ល ០១ឡូ, ស្លាបព្រា ០១ឡូ, ឆ្នាំងដាំបាយ និងឆ្នាំងសម្ល ០២, មុង ០១, កន្ទេល ០១ និងភួយ ០១ ។
ក្នុងឱកាសនោះ ក្រុមគ្រួសារជនរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុត ចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងអាវុធហត្ថទូទាំងខេត្ត និងសូមជួបប្រទះតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។