You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្ក្រាបករណីគ្រឿងញៀន

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្ក្រាបករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។ ដោយទទួលបានការណែនាំពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំសន្និសិទិ្ធសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកបានចាត់តាំងលោកវរសេនីយ៍ឯក ស ប៊ុនសឿង ឲ្យដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប ដែលអនុវត្តទៅតាមនីតិវិធីនិងជំនាញច្បាស់លាស់ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ភុងចាន់ សេកសាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្ន រស់នៅភូមិខ្វាងណាំយេន ខេត្តស្រះកែវ ប្រទេសថៃ ២-ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ការធ្វើប្រតិបត្តិការបង្រ្កាបករណីនេះកម្លាំងបានដកហូតបានវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០៥ថង់ ស្មើ ១.៩៩២ក្រាម-គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ០៨ថង់ ស្មើ ៥១.១២២គ្រាប់ ស្មើនឹង ៥.២៤០,៥ក្រាម-ម៉ូតូ ចំនួន ០១គ្រឿង -ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង -លិខិតឆ្លងដែន ជនជាតិថៃចំនួន ០១ -កាបូបលុយពណ៌ខ្មៅ ចំនួន ០១ ។ បន្ទាប់ពីធ្វើការសាកសួរ និងធ្វើតេស្តទៅលើសារធាតុញៀន រួចមកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។