You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅខែឧសភា ឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៩ ព្រមទាំងផ្សព្វផ្សាយផែនការអន្តរស្ថាប័ន និងផែនការរបស់ថ្នាក់ខេត្តស្តីពីកិច្ចការពារសន្តិសុខ  រក្សាសុវត្ថិភាព ជូនដល់ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ។  ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក  នាយទាហាន-នាយទាហានរង និងពលទាហានដែលជាសិក្ខាកាម ជាច្រើនរូបទៀត ។ ក្នុងពិធីប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ  លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា ៖ វគ្គហ្វឹកហ្វឺននេះ  គឺមានរយៈពេល ៣០ថ្ងៃ ដោយអនុវត្តតាមផែនការកំណត់  លើមុខជំនាញ លំហាត់របៀបជួរទ័ព វាយលុកអាគារ  របៀបចាប់ជនល្មើស  ឆែកឆេររថយន្ត  ការរក្សាសណ្តាប់ធ្នាប់  ការប្រើប្រាស់អាវុធ ការរក្សាសណ្តាប់ធ្នាប់ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់យោធាចារ្យ  និងប្រឹងប្រែងពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យសមស្របទៅនឹងតួនាទី-ភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ  មានសាមគី្គឯកភាពផ្ទៃក្នុងរឹងមាំ  បង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការហ្វឹកហ្វឺន  ថែរក្សាសុខភាពតាមរយៈការហាត់ប្រាណ និងលេងកីឡា  និងពិសេស ៖ គ្រប់មូលដ្ឋានកងរាជអាវុ ធហត្ថក្រុង/ស្រុក ត្រូវរៀបចំផែនការ ដើម្បីត្រៀមក្នុងកិច្ចការពារសន្តិសុខ  រក្សាសុវត្ថិភាព ជូនដល់ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ក្នុងឱកាសបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ ផងដែរ ។