សៀមរាប ៖ ភ្លៀងមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ បានបក់បោកក្នុងតំបន់អង្គរ ខេត្តសៀមរាបយ៉ាងខ្លាំង រហូតបណ្ដាលឱ្យដើមឈើជាច្រើនតាមប្រាសាទអង្គរវត្ត បានបាក់និងដួលរលំមកលើផ្លូវជាតិ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំទៀត ។
ហេតុការណ៍នេះ បានកើតឡើងរយៈពេលជាង០១ម៉ោង គិតចាប់ពីវេលាម៉ោង៤ រហូតដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ឧសភា ២០១៦ នេះ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរាបានប្រាប់GRK News ឱ្យដឹងថា ភ្លៀងមួយមេធំនេះ បណ្តាលឱ្យមានការដួលរលំដើមឈើ ប៉ុន្តែមិនមានប៉ះពាល់ដល់ប្រាង្គប្រាសាទនោះទេ ។ គ្រាន់តែបាក់មែកឈើ និងដួលរលំដើមឈើធ្លាក់មកតាមផ្លូវដែលធ្វើឱ្យអ្នកធ្វើដំណើរ កកស្ទះចរាចរណ៍បន្តិចបន្តួចប៉ុណ្ណោះ ។
លោកបន្តថា ឥឡូវនេះ អាជ្ញាធរអប្សរា និងប៉ូលិសបេតិកភណ្ឌបានសហការគ្នា កាប់មែកឈើ ដែលបាក់មកលើដី និងអូសយកដើមឈើចេញពីផ្លូវអស់ហើយ ដោយមិនឱ្យមានការកកស្ទះចរាចរណ៍ទៀតទេ ។